ចុម! បើកបនល្បែងលេងកណ្ដាលក្រុងភ្នំពេញម៉ង់ ហាង អឹមហ្វាយ(M5)នៅតំបន់អតីតបឹងកក់ មានអ្នកណាហ៊ានបង្រ្កាប បើប្រមូលផ្តុំសុទ្ធតែសមត្ថកិច្ចចឹង

ភ្នំពេញ៖ ទីតាំងភោជនីយដ្ឋានមួយកន្លែងដែលមានយីហោ(អឹមហ្វាយ M5) ស្ថិតនៅតំបន់អតីតបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណជាង ២០ ម៉ែត្រពីហាង Amazon ត្រូវបានគេលួចបង្កប់លេងល្បែងស៊ីសងដ៏ធំមួយយ៉ាងអនាធិបតេយ្យ ចំកណ្ដាលក្រុងភ្នំពេញ ប៉ុន្តែគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបទល់តែសោះ។

អ្នកដែលបានទៅកាន់ទីនោះ បានលើកឡើងថា, អ្នកលេងភាគច្រើន ជានាយនគរបាល ជាមួយកម្លាំងកងរាជអាវុធហត្ថ ,ជាយោធា ,និងមួយចំនួនទៀតជាអ្នករកស៊ី និងក្រុមអ្នកលេងទឹកភ្លៀង បានមកប្រមូលផ្តុំគ្នាលេងរាល់ថ្ងៃ

ប្រភេទល្បែងនៅទីនោះរួមមាន៖ វ៉ៃលាស់ស្កា១ផុក៤លានរៀល ! លេងអុងឌូ ១ទឹក២មុឺនរៀល ដោយឡែកអ្នកដែលកាន់កាប់បនល្បែងនេះ គឺឈ្មោះ(ទី) បានជួលបន្ទប់នៅក្នុងភោជនីយដ្ឋាននេះ ដើម្បីធ្វើជាកន្លែងបនល្បែងស៊ីសង។ ក្នុងនោះគេហ៊ានទាំងអះអាងប្រាប់ក្រុមអ្នកដែលចង់លេង មិនត្រូវខ្លាចរអាចំពោះការបង្ក្រាបនោះទេ។ ខណៈអ្នកលេងជាសមត្ថកិច្ចទាំងអស់ ហើយខ្លួនក៏បានចាត់ចែងបង់ឲ្យអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានរួចអស់ហើយ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងតាមទូរស័ព្ទថា, សូមអរគុណចំពោះការសួរបែបនេះ ដើម្បីឲ្យខ្ញុំមានវិធានការចុះទៅពិនិត្យជាក់ស្ដែង ឈានដល់ការបង្ក្រាបប្រសិនបើមានករណីនេះមែន។

ដោយឡែកលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃនេះដែរ លោកក៏បានបញ្ជាក់តាមទូរស័ព្ទថា, ខ្ញុំនឹងមានវិធានការបង្រ្កាបរាល់បនល្បែង ទោះនៅកន្លែងណាក៏ដោយ ឲ្យតែក្នុងមូលដ្ឋានខណ្ឌដូនពេញ។ លោកបន្តថា, ខ្ញុំនឹងចុះស្រាវជ្រាវក្នុងរឿងនេះ។

គួរបញ្ជាក់ដែរថា ក្រុមអ្នកលេងនៅទីនោះ បានបញ្ចេញនូវអំនួត ថាសមត្ថកិច្ចមិនអាចចាប់នៅទីតាំងនេះបានទេ ព្រោះមានសមត្ថកិច្ចអ្នកធ្វើការច្រើន អាចនឹងផ្ដល់ព័ត៌មានឲ្យផ្អាក ឬឈប់មួយរយ: ប្រសិនបើមានស្ថានភាពណាមិនល្អ ឬមិនមានអំណោយផល ស្វែងរកការចាប់ពីសមត្ថកិច្ចនោះ៕