សម្តេច​ ​ហ៊ុន សែន ៖ កម្ពុជា​ចាប់ផ្តើម​ផលិតកម្ម​ប្រេង ​ដំបូង ​នៅ​តំបន់​ប្លុក​អេ នៃ​ឈូង​សមុទ្រ​កម្ពុជា

ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញ​ឲ្យ​ឃើញ​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​ថា ក្រុមហ៊ុន​ដែល​ទទួល​ការវិនិយោគ​បានចាប់ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា​នៅ​តំបន់​ប្លុក អេ​(A)​ឈូង​សមុទ្រ​កម្ពុជា​

​សម្តេច​តេ​ជោ​ បានសរសេរថា ​សូម​ថ្វាយបង្គំ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ជាទី​សក្ការៈ​សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូន​ជនរួមជាតិ​ទាំងអស់​ជាទីគោរព​ស្រឡាញ់​ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ក្នុងការ​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​អំពី​ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា នៅ​តំបន់​ប្លុក A ឈូង​សមុទ្រ​កម្ពុជា ដែល​ជាការ​ទន្ទឹង​រង​ចាំ​អស់​រយៈកាល​ដ៏​យូរ​កន្លងមកនេះ​។

ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី​ក្រុមហ៊ុន Kris Energy ដែលជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ​មកដល់ពេលនេះ​យើង​បានសម្រេច​បាន​នូវ​ការបញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការសាងសង់​ការបំពាក់​គ្រឿង​សម្ភារៈ​និង​បរិក្ខា​នៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​សម្រាប់​ដំណើរ​ការផលិត​កម្មធ​ន​ធាន​រ៉ែ​ប្រេង​របស់​យើង​។

សម្តេច​តេ​ជោ​បន្ត​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃទី​២៩​ធ្នូ ឆ្នាំ​២០២០ ដែល​គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ (២៩​ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)​។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈ​សម្បត្តិ​គ្រប់យ៉ាង​ឱ្យ​យើង​មាន​ដំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុ​ជានា​ថ្ងៃទី ២៩ ធ្នូ ២០២០ នេះ​។​

នេះ​ជាការ​ចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ​និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា​។ ផលប្រយោជន៍​សំខាន់ៗ រួមមាន​៖
​ចំណូល​ថវិកាជាតិ ផល​សេដ្ឋកិច្ច​ទទួលបាន​ពី​ការបង្កើតបាន​នូវ​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង​ការកសាង​សមត្ថភាព​ជាតិ​នៅក្នុង​វិស័យនេះ​។ ការរកឃើញ​និង​អាជីវកម្ម​ធនធាន​រ៉ែ​ប្រេង​នៅ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល គឺជា​ពរជ័យ​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ មិនមែនជា​បណ្តាសារ​ដូច​ការលើកឡើង​របស់​ជន​អគតិ​មួយចំនួន​នោះទេ​។​

​កូ​វីដ​-១៩ បាន​រំខាន​ដល់​យើង តែ​ក៏​មិនអាច​បំផ្លាញចោល​នូវ​ការខិតខំ​របស់​យើង​ដើម្បី​ផលិត​ប្រេង​នោះបាន​ដែរ​។ ចូលឆ្នាំ​សកល​ថ្មី​២០២១​ខាងមុខ ទោះ​យើង​មិនបាន​សប្បាយរីករាយ​ដូច​ឆ្នាំមុនៗ​ដោយសារតែ​កូ​វីដ​-១៩ តែ​យើង​ទទួលបាន​កាដូ​ដ៍​ធំ​សម្រាប់​ជាតិ​យើង នោះ​គឺ​ប្រេង​ដែល​ផលិត​ចេញ​លើកដំបូង​ក្នុង​ទឹកដី​យើង​។ ឆ្នាំ​ថ្មី សមិទ្ធផល​ថ្មី​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ចាប់ពី​ដើមឆ្នាំ​២០២១ តទៅ​៕​