សម្ដេចក្រឡាហោម ស ខេង បានណែនាំទៅដល់ រដ្ឋបាលរាជធានី-ខេត្ត បង្កើនការត្រួតពិនិត្យ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះ មន្ដ្រីឃុំ-សង្កាត់ ដែលអនុវត្ត មិនប្រក្រតីក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជុំទី៤

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានណែនាំទៅដល់ រដ្ឋបាលរាជធានី-ខេត្ត បង្កើនការត្រួតពិនិត្យ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះ មន្ដ្រីឃុំ-សង្កាត់ ដែលអនុវត្ត មិនប្រក្រតីក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជុំទី៤។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យ រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ-សង្កាត់ ដែលអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជុំទី៤នេះ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងខ្ជាប់ខ្លួនបំផុត ហើយត្រូវចៀសវាងឲ្យ ខាងតែបាននូវការយោគយល់ និងយុបឃិតគ្នាដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ឬអ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ មុនដំណាច់ឆ្នាំ ២០២០ ។

សម្ដេចក្រឡាហោម ស ខេង ក៏បាន ណែនាំទៅដល់ រដ្ឋបាលរាជធានី -ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះ រដ្ឋបាលរាជធានី- ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ។

បើយោងតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃ២៨ ធ្នូនេះ បានឲ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលកំពុងកាន់ប័ណ្ណសមធម៌ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ខែធ្នូ ឆ្នាំ២០២០នេះ ដែលមានគ្រួសារក្រីក្រប្រមាណជាង៧០ម៉ឺនគ្រួសារ គិតជាចំនួនប្រជាជនប្រមាណជាង ២,៨លាននាក់ កំពុងបើកប្រា ក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម បន្ដថា លទ្ធផលជោគជ័យនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ របស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបាននូវការគាំទ្រ និងកោតសរសើរយ៉ាងធំធេងពី ប្រជាពលរដ្ឋ និងការសាទរពីគ្រប់មជ្ឈដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍន៍នានា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបើកផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ខែមករា កុម្ភៈនិងខែមីនា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ជាសកលនេះ៕