ប្រជាជនអូស្រ្តាលីរាប់រយនាក់នាំគ្នាប្រមូលផ្ដុំនៅថ្ងៃបុណ្យណូអែល លែងខ្លាចឆ្លងកូវីដ-១៩ ត្រូវប៉ូលីសអូស្ដ្រាលីតាមបំបែក

អន្តរជាតិ៖ ប៉ូលីសអូស្រ្តាលីផ្នែកបង្រ្កាបកុបកម្ម កាលពីរសៀលថ្ងៃសុក្រទី២៥ ធ្នូម្សិលមិញនេះ បានព្យាយាមបំបែកហ្វូងមនុស្សជាច្រើនរយនាក់ ដែលបានប្រមូលផ្ដុំគ្នា ដើម្បីអបអរពិធីបុណ្យណូអែលនៅឆ្នេរ ​Bronte ជាឆ្នេរដ៏ពេញនិយមប្រចាំទីក្រុងស៊ីដនី បើទោះបីជាករណីឆ្លងវីរុសកូរ៉ូណានៅតែបន្ដរាលដាលទូទាំងទីក្រុងមួយនេះក៏ដោយ។

បើយោងតាមរយៈវីដេអូឃ្លីបខ្លីមួយ បានបង្ហាញឲ្យឃើញថា មនុស្សមួយហ្វូងធំដែលភាគច្រើនពាក់មួកណូអែល បាននាំគ្នារាំអបអរយ៉ាងសប្បាយរីករាយ ដោយពុំបានគោរពវិធានការគម្លាតសង្គមនោះទេ ហើយអ្វីដែលរឹតតែគ្រោះថា្នក់ទៀតនោះ គឺពួកគេមិនបានពាក់ម៉ាស់ការពារជំងឺឡើយ។

សូមជម្រាបថា ហេតុការណ៍នេះបានកើតឡើង ខណៈពេលការរឹតត្បិតត្រូវបានបន្ធូរបន្ថយក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ដោយអនុញ្ញាតឲ្យមានការជួបជុំគ្នា ពោលគឺអនុញ្ញាតឲ្យមានមនុស្សតែ ១០នាក់ ប៉ុណ្ណោះនៅក្នុងផ្ទះ និងរហូតដល់ ១០០នាក់ នៅបរិវេណខាងក្រៅ។ ប៉ុន្ដែកាលពីថ្ងៃម្សិលមិញ គេជឿថាចំនួនមនុស្ស អាចមានដល់ជាង ៣០០នាក់ឯណោះ ដែលចូលរួមប្រារព្ធពិធីនៅលើឆ្នេរ។

បើតាមរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក Brad Hazzard ទាក់ទិននឹងករណីនេះ ក៏បានស្ដីបន្ទោសក្រុមនេះថា ជាមនុស្សគ្មានការគិតពិចារណា អំពីការរីករាលដាលនៃជំងឺដ៏កាចសាហាវ ដែលវាអាចសម្លាប់យើងបាន។ ជាមួយគ្នានេះ សូម្បីតែមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានសម្ដែងអារម្មណ៍ខឹងសម្បារជាខ្លាំងផងដែរ ចំពោះសកម្មភាពនៅក្នុងវីដេអូឃ្លីប។

បើយោងតាមគេហទំព័រ Worldometers គិតត្រឹមម៉ោង :០០នាទីរសៀលថ្ងៃសៅរ៍នេះ បានបង្ហាញថា ប្រទេសអូស្ដ្រាលីមានករណីឆ្លងវីរុសសរុបចំនួន ២៨,២៩២នាក់ ក្នុងនោះស្លាប់ចំនួន ៩០៨នាក់ និងជាសះស្បើយចំនួន   ២៥,៧២៧នាក់៕

សូមទស្សនារូបភាពខាងក្រោម៖