ព្រះសីហនុ ៖ ដោយសារតែផ្ទុះឡើង នៃជំងឺឆ្លងកូវីដ១៩ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកើតមាននៅខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំបន្ទាន់នេះ ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ សំខាន់ៗដូចខាងក្រោម៖

-រដ្ឋបាលខេត្ត មិនមានការបិទទីក្រុងនោះទេ គឺបិទតែសណ្ឋាគារមួយប៉ុណ្ណោះ

-រដ្ឋបាលខេត្តបានត្រៀមអគារព្យាបាល នៃមន្ទីរពេទ្យបង្អែកខេត្តមានចំនួន២១បន្ទប់ស្មើនឹង៤២គ្រែ និងសណ្ឋាគារចំនួន២កន្លែងសរុបចំនួន១០៦ បន្ទប់ស្មើ នឹង២០២គ្រែ សរុបទាំងអស់គឺមានចំនួន ១២៧ បន្ទប់ស្មើនឹង ២៤៤ គ្រែ និងបានត្រៀមអគារមួយចំនួនទៀតសម្រាប់ទុកដាក់អ្នកជំងឺកូវីដ១៩។

-ចំពោះបងប្អូនប្រជាពលរដ្ឋ និងពលករដែលត្រឡប់មកពីប្រទេសថៃថ្មីៗនេះ សូមដាក់ឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន រយៈពេល១៤ ថ្ងៃសិន។
ប្រសិនបើមានករណីសង្ស័យមានកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់ ទៅគ្រូពេទ្យដែលប្រចាំការនៅតាមមណ្ឌលសុខភាព ឬក៏ទំនាក់ទំនងតាមលេខ ទូរសព្ទពិសេសដែលរដ្ឋបាលខេត្តព្រះសីហនុបានផ្តល់ជូន។

-អ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាននិងព្យាបាលជំងឺពួកគាត់នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូលដោយគ្មានការអនុញ្ញាតឡើយ។

ជាការអំពាវនាវរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ៖ ” ប្រសិនជាគ្មានការចាំបាច់ទេប្រជាពលរដ្ឋ គ្រប់រូបគួរតែ នៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជម្ងឺ កូវីដ១៩ លើកលែងតែអ្នកដែលមានការចាំបាច់។ ហើយក្រៅពីនេះមន្ត្រីរាជការក៏ដោយ ប្រសិនបើគ្មានការចាំបាច់ធំដុំទេគឺមិនបាច់ជួបជុំគ្នាទេនាំគ្នាធ្វើការតាមប្រព័ន្ធអនឡាញ នាំគ្នាធ្វើការតាមទូរសព្ទក៏បានដែរ។

អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យមន្ត្រីទាំងអស់គ្នា ធ្វើជាភ្នាក់ងារសន្តិសុខសម្រាប់ការអប់រំណែនាំ ឬក៏ដាក់កំហិតទៅប្រជាពលរដ្ឋ ឬមន្ត្រីគ្នាឯងណាដែលដឹងថា គាត់មានការសង្ស័យ ឬការពាក់ព័ន្ធនឹងអ្នកដែលអាចឆ្លងជំងឺកូវីដ១៩ ត្រូវក្តាប់ឱ្យបាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here