ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពបំពាក់មេដាយជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានស្នាដៃក្នុងកិច្ចសហប្រតិ្តការវរាងនគរបាល នៃប្រទេសទាំងពីរ។

ពិធីបំពាក់មេដាយប្រារព្ធធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពី ឯកឧត្តម PABLO KANG ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាដែរ។
នាយឧត្ដមសេនីយ៍ នេត សាវឿន មានប្រសាសន៍ក្នុងពិធីបំពាក់មេដៃនោះថា លោកស្រី NAOMI កន្លងមកធ្លាប់មានស្នាដៃក្នុងការជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុ
ជាលើកិច្ចការមួយចំនួនដូចជា៖ ១- ជួយបណ្តុះបណ្តាលវិធីសាស្រ្តដល់សាលានគរបាលនៅកម្ពុជា។

២-ជួយសម្របសម្រួលជាជំនួយផ្នែកសម្ភារៈ មធ្យោបាយបច្ចេកទេស ដល់នគរបាលកម្ពុជា ជាពិសេសជួយពង្រឹងសមត្ថិភាពដល់នគរបាលបុស្តិ៍រដ្ឋបាលតាមរយៈគម្រោងនគរបាលសហគម (CPI) ឱ្យដំណើរការបានល្អ និងជួយជាសម្ភារៈផ្សេងៗមួយចំនួនទៀត។

៣-ជួយសហការសម្របសម្រួលក្នុងការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ក្រាបបទល្មើសពាក់ព័ន្ធនិងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធទៅនិងការប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ ហើយក៏បានផ្លាស់ប្តូរបទពិសោធន៍លើការងារជំនាញការលាងលុយកខ្វក់ផងដែរ។

៤-ជួយសម្របសម្រួលរវាងនគរបាលអូស្រ្តាលី និងកម្ពុជា ក្នុងដំណើរទស្សនកិច្ចផងដែរ។

នាយឧត្ដមសេនីយ៍ បានបន្ថែមឱ្យដឹងថា ស្នាដៃរបស់លោកស្រី NAOMI គឺបានពង្រឹងចំណងមិត្តភាពរវាងនគរបាលកម្ពុជា និងនគរបាលអូស្រ្តាលី ហើយជោគជ័យរបស់នគរបាលកម្ពុជាក៏ជាចំណែកចូលរួមយ៉ាងសំខាន់របស់លោកស្រី NAOMI។

នាយឧត្ដមសេនីយ៍ នេត សាវឿន និងឯកឧត្តម PABLO KANG ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក្នុងពិធីបំពាក់មេដៃក៏បានឯកភាពក្នុងការពង្រឹងចំណងមិត្តភាពប្រទេសទាំង២ នគរបាលទាំង២ ឱ្យកាន់តែរឹងមាំលើបញ្ហាប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋឆ្លងដែន និងការបង្ការប្រឆាំងជំងឺឆ្លង COVID-19 ដើម្បីសន្តិភាព សុខមាលភាព តំបន់និងលើពិភពលោក ដែលទាមទារឱ្យកម្លាំងប្រទេសទាំង២សហការគ្នា។

នាយឧត្ដមសេនីយ៍ នេត សាវឿន ក្នុងនាមនគរបាលកម្ពុជាសូមធ្វើការរៀនសូត្រនូវបទពិសោធន៍ល្អៗពីនគរបាលអូស្រ្តាលី លើសពីនេះឯកឧត្តម ក៏បានសំណូមពរឱ្យបន្តកិច្ចសហការទៅលើវិស័យនគរបាលថែមទៀតរវាង អូស្ត្រាលី និងកម្ពុជា។

គួរបញ្ជាក់ថា លោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបំពាក់មេដាយសហមេត្រីថ្នាក់ អស្សឬទ្ធិ ខណៈដែលលោកស្រីមានស្នាដៃល្អក្នុងកិច្ចសហប្រត្តិបត្តការរវាងនគរបាល នៃប្រទេសទាំង២ និងបានជួយឧបត្ថម្ភសម្ភារៈបច្ចេកទេសជំនាញដល់វគ្គបណ្តុះបណ្តាលលើជំនាញនគរបាលទាំងក្នុង និងក្រៅប្រទេសកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here