ទីក្រុង Wuhan បន្តគ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់ ខណៈចិនរកឃើញអ្នកឆ្លង ៣៤នាក់ទៀតមកពីក្រៅប្រទេស

ប៉េកាំង៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៣៩នាក់បន្ថែមទៀត ដែលទាំងនេះសុទ្ធតែជាករណីនាំចូល ពីប្រទេសក្រៅទាំងអស់ ខណៈទីក្រុងវូហាន ដែលជាចំណុចធ្លាប់តែក្តៅគគុកបំផុតនោះ គឺគ្មានអ្នកឆ្លងជំងឺនេះ សូម្បីតែមួយករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្នុងចំណោមករណីថ្មីទាំង ៣៩នាក់ខាងលើ មាន ១០នាក់ត្រូវបានរាយការណ៍នៅទីក្រុងប៉េកាំង (Beijing), ១០នាក់នៅស៊ាងហៃ (Shanghai), ០៦នាក់នៅខេត្តហ្វូជាន (Fujian), ០៦នាក់ខេត្តក្វាងទុង (Guangdong), ០២នាក់នៅខេត្តសានដុង (Shandong), ០២នាក់នៅខេត្តហ្គន់ស៊ូ (Gansu), ម្នាក់នៅខេត្តហ្សេជាំង (Zhejiang) និងម្នាក់ទៀតនៅខេត្តឆុងឈីង (Chongqing)។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់៧២,៧០៣នាក់ ដោយក្នុងនោះ៤៥៩នាក់ទើបតែត្រូវបានគេអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់៨១,០៩៣ករណី ក្នុងនោះ ៣,២៧០នាក់បានស្លាប់។ និយាយជារួមសម្រាប់ថ្ងៃអាទិត្យ ទី២២ ខែមីនាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ៣៩ករណីប៉ុណ្ណោះ ហើយករណីទាំង៣៩ នោះទៀតសោតសុទ្ធតែជាករណីនាំចូល ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ០៩នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *