បែកធ្លាយ អធិការរងស្រុកអូរជុំ ខេត្តរតនគិរី ដោះស្រាយគំនុំចាស់ យកកាំបិតចិតបន្លែ ចាក់ ប៉ូលិសដូចគ្នា

ខេត្តរតនគិរី ៖ បែកធ្លាយរឿងមន្ត្រីនគបាលខេត្តរតនគិរីទាស់ពាក្យសម្តីក្នុងវង់ផឹកស៊ីរឿងគំនុំយូរមកហើយនោះ ឈានដល់បង្កហឹង្សា ស្ទុះយកកូនកាំបិត ហក់ចាក់បំណងសម្លាប់គ្នា បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវមួយកាំបិត ចិតបន្លែ ជាប់សៀតផ្កា កំពុងសម្រាកវះកាត់ព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រនៅឡើយ ហើយរឿងនេះសមត្ថកិច្ច ហាក់ព្យាយាមលាក់បាំង។

ហេតុការណ៍ដ៍គួរឱ្យចាប់អារម្មណ៍ភ្ញាក់ផ្អើលមួយនោះបានកើតឡើងតាំងពីវេលាម៉ោងប្រហែល១២យប់ ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២០ មកម៉្លេះ ត្រង់ចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

តាមប្រភពបានបង្ហើបថាជនរងគ្រោះឈ្មោះហេង គោរព អាយុជាង៣០ឆ្នាំ រស់នៅភូមិជ្រីសង្កាត់យក្ខឡោមក្រុងបានលុងខេត្តរតនគិរីជាមន្ត្រីនគបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគបាលខេត្ត។ ចំណែកជនដៃដល់ឈ្មោះ រុំ សារិទ្ធ អាយុប្រហាក់ប្រហែលគ្នា មានតួរនាទីជាអធិការរងស្រុកអូរជុំ ខេត្តរតនគិរី។

ប្រភពបានបង្ហើបទៀតថាក្នុងហេតុការណ៍បង្ករទំនាស់ពាក្យសម្តីរហូតឈានដល់ហឹង្សាដោយចេតនានោះគឺផ្តើមចេញពីផឹកស៊ីជុំគ្នានៅផ្ទះមិត្តភក្តិនិយាយទាក់ទឹនរឿងគុំនំយូរមកហើយនាំឱ្យមានកំហឹងជនដៃដល់បានយកកំប៉ុងស្រាបៀមិនទាន់គាស់គប់ទៅលើជនរងគ្រោះមួយទំហឹង។

ហើយជនរងគ្រោះក៏ស្ទុះហក់ទៅបំណងតបត តែត្រូវជនដៃដល់ចាប់បានកូនកាំបិត ស្ទុះចាក់ចំសៀតផ្កា បណ្តាលឱ្យបាក់ចុងជាប់កប់ក្នុងសាច់ ហើយដួលទៅនិងដីបាត់មាត់បាត ក រួចក៏ត្រូវគេជួយឃាត់ ទាញចេញរាងៗខ្លួន រីឯអ្នករបួសត្រូវបានបញ្ជូនសង្គ្រោះភ្លាមៗដែរ។

ប្រភពបង្ហើបបន្តទៀតថាជនរងគ្រោះបានបញ្ជូនបន្តដល់ពេទ្យកាល់ម៉ែត្រហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់រួចរាល់នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះហើយក៏កំពុងត្រូវបានជនដៃដល់សុំចរចាបញ្ចប់រឿងផងដែរតែរហូតមកដល់វេលានេះទំនងមិនទាន់ត្រូវគ្នានៅឡើយទេ។

មជ្ឈដ្ឋានជុំវិញនៅខេត្តរតនគិរីក៏កំពុងរងចាំតាមដានមើលថាតើប្រព័ន្ធច្បាប់និងមេកើយថ្នាក់លើនៃក្រសួងមហាផ្ទៃមានចំណាត់ការបែបណាដែរចំពោះសុទ្ធតែជាសមត្ថកិច្ចហើយបែរជាបង្ករហឹង្សារយ៉ាងធ្ងន់ធ្ងរបែបនេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *