ផ្លូវជុំវិញផ្សារអូរឬស្សី ធ្វើឲ្យប្រជាពលរដ្ឋ ជាអ្នកដំណើងតឹងទ្រូង ព្រោះសំបូរទៅដោយចំណត របស់បុគ្គលដែលប្រមូលប្រយោជន៍ មិនខ្វល់ពីការកកស្ទះ

ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ សាលារាជធានីភ្នំពេញ ជាពិសេស រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហា ការកក់ស្ទះចរាចរ និងសោភ័ណ្ឌភាព ក្នុងរាជធានីភ្នំពេញ។ តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌ៧មករាមិនបាន យកចិត្តទុកដាក់អនុវត្តន៍ទៅតាមគោលការណ៍របស់រដ្ឋបាលសាលារាជធានីភ្នំពេញ និង រាជរដ្ឋាភិបាលនោះទេ បែរជាបណ្ដែតបណ្ដោយអោយមាន ភាពអាណាធិបតេយ្យតាមផ្លូវ និងចិញ្ចើមផ្លូវ បង្កអោយមានបញ្ហាកក់ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និង ធ្វើអោយបាត់បង់ នូវសោភ័ណ្ឌភាព ទីក្រុង ដោយសារតែ ផលប្រយោជន៍ចូលហោប៉ាវផ្ទាល់ខ្លួន មិនខ្វល់ពីអ្វីទាំងអស់។

ជាក់ស្តែងផ្លូវជុំវិញវិញផ្សាអូរឫស្សី រថយន្តតាក់ស៊ីកន្លែងផ្ញើររថយន្ត និងកន្លែងផ្ញើរម៉ូតូម្ចាស់អាជីវកម្មយកផ្លូវធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន បង្កការកក់ស្ទះ ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកាត់ផ្សារនេះម្តងៗ តឹងទ្រូង ព្រោះសំបូរទៅដោយចំណត របស់បុគ្គលដែលប្រមូលប្រយោជន៍នោះ។

ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើតាមបណ្តោយផ្លូវជុំវិញផ្សារអូរឫស្សីនេះបានលើកឡើងថា ទីតាំងផ្ញើម៉ូតូរថយន្តនិង តាក់ស៊ីបានយកផ្លូវធ្វើជាចំណតរថយន្តនិងម៉ូតូហួសពីច្បាប់បានកំណត់យ៉ាងអាណាធិតេយ្យបង្កអោយកកស្ទះចរាចរណ៍ មិនដែលឃើញអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករាមានវិធានឡើយ ទើបអាជីវករទទួលផ្ញើរថយន្តម៉ូតូ និងអ្នករត់ឡានតាក់ស៊ីខាងលើយកផ្លូវធ្វើជាកន្លែងចតនិងផ្ញើរពេញផ្លូវធ្វើឲ្យប្រជាពលរដ្ឋរកផ្លូវធ្វើដំណើរមិនចង់បាន។

គួរំលឹកផងដែរថានាពេលកន្លងមកឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធាន គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពង្រីកសន្តិសុខសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយឯកឧត្ដម មានប្រសាសន៍ថា សម្រេចយកផ្លូវធំៗចំនួន១១ ជាអាទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមានមហាវិថីព្រះនរោត្តម ព្រះស៊ីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស វិថីសហព័ន្ធរុស្ស៊ី វិធីម៉ៅសេទុង វិថីកម្ពុជាក្រោម វិថីមុនីរ៉េត ហ្សាដឺហ្គោល (ផ្លូវ២៧១) និងផ្លូវលេខ៧០។ លោកអភិបាលបានបន្តថា ដំបូងយើងត្រូវធ្វើការផ្សព្វផ្សាយណែនាំ មិនឱ្យប្រជាពលរដ្ឋយកចំណី ផ្លូវមុខផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម និងណែនាំដល់ម្ចាស់អាជីវកម្ម ទាំងឡាយណាដែលយកចំណីផ្លូវ ធ្វើជាចំណតរថយន្ត និង ម៉ូតូ ដែលបណ្តាលឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ។

ចុងក្រោយប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ក៏ដូចសាលារាជធានីភ្នំពេញ ជួយមានវិធានការ លើបញ្ហានេះផង ព្រោះរាល់ការធ្វើដំណើរពួកគាត់ឆ្លងកាត់តាមបណ្តោយផ្លូវជុំវិញទីតាំងនេះ ធ្វើអោយមានកាកកស្ទះ និងខាតពេលវេលាដោយសារកន្លែងផ្ញើម៉ូតូ និងក្រុមសន្តិសុខទទួលផ្ញើរថយន្តឲ្យចតពេញផ្លូវដោយមិនខ្វល់ពីការកកស្ទះចរាចរនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *