អាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបផ្ទះលក់កាហ្វេបង្កប់ល្បែងស៊ីសងឆ្នោតឡូតូ ឃាត់មនុស្ស៣នាក់ លឺល្បីថាជាកន្លែងលោកឧកញ៉ាខ្នា អតីតឈ្មួញរកស៉ីឈើដ៏ល្បីម្នាក់

ភ្នំពេញ៖ ទីបំផុត! គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែងដែលបង្កប់ល្បែងស៊ីសងខុសច្បាប់( ឆ្នោតឡូតូ) ឃាត់ខ្លួនមនុស្សស្រី៣នាក់ ព្រមទាំងចាប់យកវត្ថុតាងមួយចំនួន។ មិនតែប៉ុណ្ណោះទីតាំងមួយនេះ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះលួចបង្ហើបប្រាប់ថា មេក្លោងគឺជាលោកឧកញ៉ាខ្នា ដែលជាអតីតឈ្មួញរកស៉ីឈើដ៏ល្បីឈ្មោះម្នាក់ផងដែរ។

ជាក់ស្តែងករណីនេះកើតឡើងកាលពីវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេតាមបណ្តោយផ្លូវលេខ២៧១កែងនឹងផ្លូវលេខ២០០៤(ស្តុបណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងឆ្នោតឡូតូខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងមានការចូលរួមពីលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោកនាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អមនិងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបង្ក្រាបជាដាច់ខាតនូវល្បែងសុីសងតាមអនឡាញkenoរួមទាំងល្បែងសុីសងដទៃៗទៀតដែរ។

បើតាមប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក សៀង សេន បានបញ្ជាក់ថា លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវករណីឆ្នោតឡូតូនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងបនល្បែងស៉ីសងមួយនេះកំពុងបើកលេងភ្នាល់គ្នាតាមប្រព័ន្ធអនឡាញ Keno Online ជ្រកក្រោមស្លាកឆ្នោតឡូតូ។ ទើបកម្លាំងជំនាញចុះស្រាវជ្រាវរកឃើញជាក់ស្តែង រួចធ្វើការបង្ក្រាបតែម្ដង

ដោយឡែកមជ្ឈដ្ឋានជាច្រើនមើលឃើញថា ក្រុមហ៊ុន ឆ្នោតឡូតូ៦លេខរបស់លោកឧកញ៉ាខ្នានេះ ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យធ្វើអាជីវកម្មឆ្នោតឡូតូ បាននិងកំពុងបំប្លែងឆ្នោតឡូតូ មួយនេះទៅជាល្បែងស៊ីសងតាមអនឡាញ ពង្វក់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ដោយក្រុមហ៊ុន បានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈ យ៉ាងអនាធិបតេយ្យ ថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងមួយចំនួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ដែរថា ជុំវិញករណីខាងលើនេះ ដែលប្រជាពលរដ្ឋបានអះអាងប្រាប់អង្គភាពយើង ថាទីតាំងនេះគឺជារបស់លោក ឧកញ៉ាខ្នា ក៏ពិតមែនប៉ុន្តែអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកបានទេ ព្រោះគ្មានលេខទូរស័ព្ទ៕

Leave a Reply

Your email address will not be published. Required fields are marked *