រដ្ឋាភិបាលគុយបា សម្រេចបោះបង់ចោលប្រព័ន្ធរូបិយបណ្ណពីរផ្សេងគ្នារបស់ខ្លួន នៅដើមឆ្នាំ២០២១ខាងមុខនេះ!

អន្តរជាតិ៖ នៅក្នុងសេចក្តីប្រកាសដែលត្រូវបានផ្សាយតាមវិទ្យុជាតិនិងកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូម្សិលមិញនេះប្រធានាធិបតីគុយបា លោក មីហ្គូល ឌីអាស ខានែល (Miguel Diaz-Canel) បានអះអាងថា ប្រទេសលោក នឹងបង្រួមប្រព័ន្ធរូបិយបណ្ណជាតិខ្លួន ដែលកន្លងមកមានចំនួន២ផ្សេងគ្នាឲ្យមកនៅត្រឹម១វិញ ខណៈប្រព័ន្ធរូបិយបណ្ណពីរខុសគ្នានេះ ត្រូវបានប្រើរហូតមកអស់រយៈពេលប្រមាណ២៥ឆ្នាំ។

ជាក់ស្តែងនៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ទីភ្នាក់ងារសារព័ត៌មាន CNA បានដកស្រង់ក្នុងសេចក្តីប្រកាសដែល លោក Diaz Canel បាននិយាយថា ប្រទេសតំបន់ការីបៀននេះ នឹងងាកទៅប្រើប្រាស់រូបិយបណ្ណ «ប៉េសូ» របស់ខ្លួន ហៅថា Cuban Peso CUP ជារូបិយបណ្ណផ្លូវការតែមួយគត់ ហើយនឹងបោះបង់នូវរូបិយបណ្ណមួយទៀតហៅថា Cuban Convertible Peso CUC នៅថ្ងៃទី០១ ខែមករាឆ្នាំ២០២១។

សូមជម្រាបថា លុយ Convertible Peso ត្រូវបានបង្កើតឡើងដំបូងក្នុងគោលបំណងជំនួសលុយដុល្លាររបស់អាមេរិក ដែលត្រូវបានជួញដូរក្នុងទីផ្សារងងឹត អំឡុងសម័យវិបត្តិសេដ្ឋកិច្ចគុយបាកាលពីទសវត្សរ៍ឆ្នាំ១៩៩០។

គួរបញ្ជាក់ថា បច្ចុប្បន្ន តម្លៃលុយ Peso ធម្មតារបស់គុយបាគឺ ២៤ CUP ទើបស្មើនឹង១ដុល្លារសហរដ្ឋអាមេរិក ចំណែកតម្លៃលុយConvertible Peso វិញ គឺ CUC ស្មើនឹង១ដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកលុយ Peso ធម្មតា ត្រូវបានប្រើប្រាស់ដោយប្រជាជនគុយបាទូទៅ ខណៈលុយ Convertible Peso ភាគច្រើនត្រូវបានចាយវាយដោយភ្ញៀវទេសចរបរទេស។ ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលគុយបាក៏ធ្លាប់បានទទួលស្គាល់រួចមកហើយផងដែរពីផលលំបាកផ្សេងៗ នៃការមានរូបិយបណ្ណពីរផ្សេងគ្នា និងអត្រាប្តូរប្រាក់តម្លៃខុសគ្នា៕

Leave a Reply

Your email address will not be published.