ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើងលោកស្រី គីម យ៉ូ​ចុង រិះគន់​ប្រមុខ​ការទូត​កូរ៉េខាងត្បូង ជុំវិញ​ការសង្ស័យថា​មាន​ករណី​ឆ្លង​កូ​វីដ​-១៩

អន្តរជាតិ៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លោកស្រី គីម យ៉ូចុង បានរិះគន់លោកស្រី Kang Kyung-wha ប្រមុខការទូតកូរ៉េខាងត្បូង ជុំវិញការសង្ស័យថាមានករណីឆ្លងកូវីដ​-១៩ នៅកូរ៉េខាងជើង មិនតែប៉ុណ្ណោះលោកស្រី គីម បានព្រមានថែមទៀតថា បើមិនបញ្ឈប់ការសង្ស័យបែបនេះទេ វាអាចនឹងបង្កឲ្យមានផលអាក្រក់ដល់ទំនាក់ទំនងទ្វេភាគីថែមទៀត។ នេះបើតាមការចុះផ្សាយបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី ៩ ខែវិច្ឆិកា​ថ្មីៗនេះ។

លោកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានលើកឡើងក្នុងកិច្ចប្រជុំមួយថា វាពិបាកជឿណាស់ដែលកូរ៉េខាងជើង មិនមានករណីឆ្លងកូវីដ​-១៩ នៅក្នុងប្រទេស ស្របពេលប្រទេសមួយនេះ បានបង្កើនការខិតខំយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរាតត្បាតនៃកូរ៉ូណាវីរុស ការលើកឡើងបែបនេះ ធ្វើឲ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀកខ្លាំង

ជាក់ស្តែងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA បន្ថែមទៀតថា លោកស្រី គីម យ៉ូចុង ប្អូនស្រីបង្កើតប្រមុខដឹកកូរ៉េខាងជើង បានចាត់ទុកសម្ដីលោកស្រី កាង ជាបំណងចង់បង្កើនភាពល្អក់កករដាក់គ្នា លោកស្រី គីម ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងបក្សពលករកូរ៉េ បានលើកឡើងយ៉ាងដូច្នេះថា «​យើងអាចមើលឃើញពីការលើកឡើងដោយគ្មានការពិចារណា របស់លោកស្រី Kang Kyung-wha ដែលមិនគិតពីផលវិបាក​»​

បើតាមស្ត្រីដ៏មានឥទ្ធិពលរូបនេះ ការលើកឡើងរបស់ប្រមុខការទូតកូរ៉េខាងត្បូងថែមទាំងអាចបង្កកទំនាក់ទំនងកូរ៉េទាំងពីរថែមទៀតលោកស្រី គីម បានបញ្ជាក់ច្បាស់ៗថា កូរ៉េខាងជើង នឹងមិនភ្លេចពាក្យសម្តីទាំងនោះឡើយ ហើយប្រមុខការទូតកូរ៉េខាងត្បូង ប្រហែលជាត្រូវទទួលខុសត្រូវលើបញ្ហាផងដែរ

សូមជម្រាបថា កន្លងមក មិនត្រឹមតែរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ដែលសង្ស័យថា កូរ៉េខាងជើងមានករណីឆ្លងកូវីដ​-១៩នៅក្នុងប្រទេស សូម្បីតែទីភ្នាក់ងារចារកិច្ចជាតិកូរ៉េខាងត្បូង (NIS) ក៏បានអះអាងផងដែរថា គេមិនអាចច្រានច្រោបានទេករណីឆ្លងកូរ៉ូណាវីរុសនៅកូរ៉េខាងជើង ព្រោះប្រទេសនេះ មានការផ្តោះប្តូរពាណិជ្ជកម្មជាមួយចិនផងដែរ មុនកូរ៉ូណាវីរុសផ្ទុះខ្លាំងនៅក្នុងក្រុងវូហាន

គួរបញ្ជាក់ថា បើគិតមកត្រឹមពេលនេះ កូរ៉េខាងជើង ជាប្រទេសមួយ ដែលមិនទាន់ប្រកាសថាមានករណីឆ្លងកូរ៉ូណាវីរុសនៅឡើយទេខណៈទីភ្នាក់ងារព័ត៌មាន KCNA នៅសប្តាហ៍មុន បានចុះផ្សាយថា កូរ៉េខាងជើង បានដាក់ចេញវិធានការអាសន្នកម្រិតខ្ពស់បំផុតដើម្បីទប់ស្កាត់កូវីដ​-១៩ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *