ក្រសួងព័ត៌មានស្នើឲ្យមានចាត់ការលើសារព័ត៌មានដែលគ្មានក្រមសីលធម៌និងវិជ្ជាជីវៈ

 

ភ្នំពេញ , នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានចេញសេចក្តីជូនដំណឹងរបស់ខ្លួន ស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ទៅលើសារព័ត៌មាន ដែលមិនបានបំពេញកាតព្វកិច្ចតួនាទី ដោយមិនចាំបាច់ជូនដំណឹងទៅក្រសួងព័ត៌មានជាមុនឡើយ។ ការចេញសេចក្តីជូនដំណឹងនេះ បន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួន បានអនុវត្តផ្ទុយអំពីក្រមសីលធម៌ និងវិជ្ជាជីវៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ ប្រជាពលរដ្ឋ និងការសរសេរព័ត៌មានមិនពិត បង្កើតឲ្យមានការយល់ច្រឡំ ដល់ប្រជាពលរដ្ឋជាដើម។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងថា នាអំឡុងការរីករាលដាលជំងឺកូវីដ19 ក្រសួងព័ត៌មានបានសង្កេតឃើញ អ្នកសារព័ត៌មានមួយចំនួនតូច ឆ្លៀតឱកាសប្រើប្រាស់វិជ្ជាជីវះ ប្រាសចាកក្រមសីលធម៌ ឈានដល់ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឲ្យសាធារណជនយល់ខុសនិងមានការសង្ស័យទៅលើការងាររបស់អាជ្ញាធរមានសមត្ថកិច្ច។ 

សូមបញ្ជាក់ថា ការផ្សព្វផ្សាយមិនពិត ក្លែងបន្លំ បង្កឱ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ហ្នឹងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។ 

ក្នុងករណីបុគ្គលណា ដែលរងផលប៉ះពាល់ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ឲ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ។ ជាពិសេសការទទួលសំណូក ឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មានជាការរំលោភយ៉ាងធ្ងន់ធ្ងរលើផ្នែកវិជ្ជាជីវៈ។ 

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានបញ្ជាក់ទៀតថា ក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន ឲ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនចាំបាច់ជូនដំណឹងទៅក្រសួងព័ត៌មានជាមុនឡើយ។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏បានវាយតម្លៃខ្ពស់ និងសរសើរស្ថាប័ន និងអ្នកសារព័ត៌មានភាគច្រើននដែលបានខិតខំបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈផងដែរ។ 

ការលើកឡើងរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ គឺមានការគាំទ្រយ៉ាងខ្លាំងនពីបណ្ដាស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ដើម្បីការពារនូវក្រមសីលធម៌ ក៏ដូចជាការចូលរួមលើកស្ទួយព័ត៌មានបម្រើឱ្យផលប្រយោជន៍សង្គមជាតិជាធំ៕

Leave a Reply

Your email address will not be published. Required fields are marked *