ករណីដីព្រៃស្រោង ប្រមាណជាង៤០០ហិកតា នៅស្រុកកូនមុំ តើអាជ្ញាធរខេត្តរតនគិរី បានដឹងដែរទេ? ត្រូវគេឃុបឃិតគ្នាកាប់ព្រៃយកដីធ្វើជាកម្មសិទ្ធិឯកជន

ខេត្តរតនគិរី៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពរដ្ឋនៅឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី កាលពីពេលថ្មីៗនេះបានឲ្យដឹងថាមានសកម្មភាពជនខិលខូចមួយចំនួនកំពុងចូលទៅកាប់ព្រៃ យកដីធ្វើជាកម្មសិទ្ធិឯកជនយ៉ាងអនាធិបតេយ្យ ដែលកំពុងកើតមានឡើង ដោយមិនមានអាជ្ញាធរចុះបង្ក្រាបនោះទេ។

ជាក់ស្តែង ក្រុមអ្នកយកព័ត៌មានដែលបានចុះទៅកាន់ទីតាំងផ្ទាល់ បានពិនិត្យឃើញថា ដីព្រៃស្រោង មិនក្រោម៤០០ ទៅ ៥០០ហិកតានោះទេដែលមានមនុស្សចំនួនពីរក្រុម បានដើរបាញ់ថ្នាំតាមព្រំហ៊ុព័ទ្ធព្រំប្រទល់ និងក្រុមខ្លះទៀត ចូលទៅបោះជុំរំដើម្បីកាត់ផ្តួលរំលំដើមឈើយ៉ាងរង្គាល ទាំងយប់ទាំងថ្ងៃហាក់ដូចជាមិនខ្វល់ពីអាជ្ញាធរមូលដ្ឋាន ឬថ្នាក់ដឹកនាំខេត្តនោះឡើយ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានតំបន់នោះ អះអាងទៀតថា បច្ចុប្បន្នផ្ទៃដីព្រៃឈើមិនក្រោម ២០០ហិកតានោះទេត្រូវបានគេកាត់ដោយរណាយន្ត (ត្រង់ស៊ីន័រ) ផ្តួលរំលំឱ្យដួលរាបដល់ដី ក្នុងគម្រោងការកាប់ឱ្យបានផ្ទៃដីពី ៥០០ទៅ ៧០០ហិកតា នៅរដូវប្រាំង។

ប្រភពប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន បានបញ្ជាក់ឱ្យដឹងទៀតថា ដីព្រៃស្រោង ដែលមានគេកំពុងកាប់រាននេះ គឺស្ថិតក្នុងចំណុចភូមិត្រពាំងកំភេម ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ហើយព្រៃនេះ ជាព្រៃចាស់មានអាយុកាលរាប់សិបឆ្នាំមកហើយ។ បច្ចុប្បន្ន ក្រោមការឃុបឃិតពីអាជ្ញាធរមូលដ្ឋានភូមិឃុំ និងស្រុក កំពុងប្រើរូបភាពកែនប្រជាពលរដ្ឋចំណាកមកពីចម្ងាយ ឱ្យចូលទៅកាប់យ៉ាងអនាធិបតេយ្យ និងបានប្រើគ្រប់និតិវិធីក្នុងការទិញលក់របៀបរៀបចំដោយមូលដ្ឋានដឹងលឺ។

ទាក់ទិននឹងការកាប់រានដីព្រៃនេះដែរ ក៏មានប្រភពពីមន្ត្រីមូលដ្ឋានបង្ហើបប្រាប់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅកំឡុងខែមិថុនា ឆ្នាំ២០២០ ផ្ទៃដីចំនួន ៣៨៧ហិកតា ស្ថិតក្នុងចំណុចអូររូង ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ត្រូវបានលោក ថង សាវុនអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចេញលិខិតលេខ២០២/២០ .. ដកហូតដីខាងលើ មករក្សាទុកជាសម្បត្តិរដ្ឋវិញ។ ការដកហូតនេះ ធ្វើឱ្យក្រុមមន្ត្រីមួយក្តាប់តូចក្នុងស្រុក ហាក់ស្លន់ស្លោ ខណៈដីចំនួន៣៨៧ហិកតា កាលពីកន្លងមកត្រូវបានប្រជាពលរដ្ឋមិនក្រោម ១១២គ្រួសារ បានផ្ទុះការតវ៉ាសុំឱ្យអ្នកតំណាងរាស្ត្រ និងលោកអភិបាលខេត្ត ជួយអន្តរាគមន៍ ហើយជាលទ្ធផលផ្ទៃដីទាំងនោះ ត្រូវបានរដ្ឋបាលសាលាខេត្តរតនគិរី ចេញលិខិតដកហូតមកវិញ។

ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន បានលួចខ្សិបប្រាប់ថា ផ្ទៃដីចំនួន ៣៨៧ហិកតា គឺអាជ្ញាធរមូលដ្ឋានឃុំ/ស្រុក និងបក្ខពួកខិលខូចមួយក្តាប់តូចបានឃុបឃិតគ្នា ដើម្បីកាប់ដីព្រៃឈើទាំងនោះ ក្នុងគោលបំណងលក់ឱ្យទៅឈ្មួញនៅភ្នំពេញម្នាក់ ក្នុងតម្លៃមិនក្រោម ៣០ម៉ឺនដុល្លារនោះទេ។ ប៉ុន្តែនៅពេលលោក ថង សាវុន អភិបាលខេត្ត ចេញលិខិតដកហូតដីនោះមកជាសម្បត្តិរដ្ឋវិញ ទើបក្រុមនោះបង្វែរមកកៀរគរប្រជាពលរដ្ឋចំណាស្រុកជាច្រើនក្រុម ឱ្យចូលទៅកាប់ផ្តួលរំលំព្រៃឈើ យកដីព្រៃស្រោងនេះ ដើម្បីសងទៅឱ្យក្រុមឈ្មញនៅភ្នំពេញនោះវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅពេលដែលក្រុមអ្នកយកព័ត៌មាន បានសុំការជួយអន្តរាគមន៍ពីសមត្ថកិច្ចអាវុធហត្ថ និងនគរបាលស្រុកកូនមុំពួកគាត់បានលើកឡើងថា បើអត់បញ្ជាបេសកកម្មពីលោកអភិបាលស្រុកកូនមុំនោះទេ គឺពួកគាត់មិនហ៊ានចុះទៅនោះទេ។

បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ក្រុមដែលចូលទៅកាប់រានដីព្រៃឈើនោះ ពួកគេហាក់មានមេកើយចាត់តាំងយ៉ាងត្រឹមត្រូវ ព្រមទាំងមានកាំភ្លើងកែច្នៃថែមទៀត ហើយប្រជាពលរដ្ឋគ្មានអ្នកណាហ៊ានទៅក្បែនោះឡើយ។

ដោយឡែកជុំវិញនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានទូរស័ព្ទទៅខាងរដ្ឋបាលខេត្តនិងអាជ្ញាស្រុកកូនមុំ ដើម្បីសុំការបំភ្លឺបញ្ហាខាងលើនេះ តែតេមិនចូល។

ចំណែកលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នារសៀលថ្ងៃដដែលអង្គភាពយើង ទូរស័ព្ទចូលតែគ្មានអ្នកទទួល ដូច្នេះមិនអាចសុំការបំភ្លឺបាននោះទេ ។ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ប្រសិនបើអាជ្ញាធរថ្នាក់ខេត្ត ឬអាជ្ញាធរមូលដ្ឋានចង់ឆ្លើយបំភ្លឺអង្គភាពយើង រង់ចាំការបំភ្លឺជូនផងដែរ៕

Leave a Reply

Your email address will not be published.