កម្លាំងនគរបាល ឃាត់ខ្លួនជនដៃដល់៣នាក់ជាជនជាតិចិនក្រោយកាច់កសម្លាប់ចិនដូចគ្នា នៅកាស៉ីណូជៀឡុងជូរ ក្រុងព្រះសីហនុ យកសពរួចទៅប្លុងចោលក្នុងរថយន្ត

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថាមានករណីជនជាតិចិនមួយក្រុម កាច់កសម្លាប់ជនជាតិចិនដូចគ្នា បានកើតឡើងនៅវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅកាស៊ីណូជៀឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ រួចយកសពទៅប្លុងចោលក្នុងរថយន្ដមួយគ្រឿង ម៉ាក Highlander ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AC-3012 នៅបណ្ដោយវិថីលេខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្តថា ជាលទ្ធផលនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG អាយុ៣៥ឆ្នាំ ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈពេលជននេះ និងបក្ខពួកបម្រុងគេចខ្លួនពីកន្លែងស្នាក់នៅ។

ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២០ នៅកាស៊ីណូជៀវឡុងជូរ ដោយរូបគេ និងបក្ខពួកបានយកសាកសពចុះពីជាន់លើនៃកាស៊ីណូ ចុះមកក្រោមដាក់ចូលក្នុងរថយន្ដម៉ាក Highlander ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AC-3012 យកទៅប្លុងចោល។

លុះនៅរសៀលថ្ងៃទី០១ ខែធ្នូ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដប្រតិបត្ដិការដោយមានការដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ (កន្លែងកើតហេតុ)

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ក្នុងករណីនេះសរុបចំនួន០៣នាក់ ជនជាតិចិន០៣នាក់ (ស្រីម្នាក់) ដែលក្នុងនោះមាន៖ ទី១៖ឈ្មោះ Li Feng អាយុ៣៥ឆ្នាំ មុខរបរសន្ដិសុខកាស៊ីណូ, ទី២៖ឈ្មោះ Yu Yan Long អាយុ៣៥ឆ្នាំ មុខរបរសន្ដិសុខកាស៊ីណូ និងទី៣៖ឈ្មោះTu Lin ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន រថយន្ដ០១គ្រឿងម៉ាក Highlander ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AC-3012 (មធ្យោបាយធ្វើសកម្មភាព), ក្បាលឌីវីអ័រ ចំនួន០២គ្រឿង, ហាតឌីស ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០៣គ្រឿង, លិខិតឆ្លងដែនចំនួន០២ក្បាល, កាបូបស្ពាយពណ៌ខ្មៅចំនួន០១, រថយន្ដ០១គ្រឿងស្ដារិក ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AZ-9280 បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធីដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *