ទីបំផុត! អភិបាលរងរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរសង្កាត់ ខណ្ឌ ទទួលស្គាល់ថា ការដាក់អ៊ូសាឡង់បូមខ្សាច់ខ្លះគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលសាលារាជធានីភ្នំពេញមែន
ភ្នំពេញ៖ បន្ទាប់ពីបានទទួលដំណឹងពីប្រជាពលរដ្ឋថា៖ មានករណីពាក់ព័ន្ធនៅក្នុងសង្កាត់បាក់ខែងសំបូរណាស់ ការដាក់អ៊ូសាឡង់បូមខ្សាច់លាន់ឮកងរំពងពេញភូមិ មិនដឹងថាមានច្បាប់ឬអត់ច្បាប់ ! ត្រូវបានក្រុមអ្នកសារព័ត៍មានក្នុងស្រុកចុះផ្សាយកាលពីរសៀលថ្ងៃទី៣ ខែធ្នូឆ្នាំ២០២០ម្សិលមិញនេះ ពួកគាត់បានបង្ហើបប្រាប់ថា៖ គ្រាន់តែក្នុងមូលដ្ឋានសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានការដាក់អ៊ូសាឡង់បូមខ្សាច់ មានប្រមាណ៥–៦កន្លែង ក្នុងនោះទីតាំងរបស់ ឧកញ៉ា លឹម ស្រូយ ២កន្លែង ធ្វើអាជីកម្មបូមខ្សាច់យ៉ាងចាស់វស្សានៅទីនោះនិងជាបុគ្គលម្នាក់ ខាងបូមខ្សាច់លោតឆ័ត្រដ៏ល្បីផងដែរកន្លងទៅ គឺធ្លាប់បូមខ្សាច់ពីទន្លេសាប ក្នុងខណ្ឌព្រែកព្នៅ ទម្លុះផ្លូវជាតិលេខ៥ បូមខ្សាច់ដាក់ចូលបឹងសំរោង។ បច្ចុប្បន្នឧកញ៉ា លឹម ស្រូយ មកដាក់អ៊ូសាឡង់បូមខ្សាច់នៅសង្កាត់បាក់ខែង យ៉ាងសុខសាន្ត ទទួលបានភាពកក់ក្តៅពីអាជ្ញាធរ ប៉ុន្តែគេពុំដឹងថា មានច្បាប់អនុញ្ញាត ឮក៏លោតឆ័ត្រនោះដែរ ។
ទីបំផុត! នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ តំណាងអភិបាល នៃគណៈអភិបាល និងជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺលោក ស៊ុយសេរិទ្ធ អភិបាលរង សាលារាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ មានការសហការចូលរួមពីអាជ្ញាធរសង្កាត់ ខណ្ឌ ពិតជាទទួលស្គាល់ថាការដាក់អ៊ូសាឡង់បូមខ្សាច់ គ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលសាលារាជធានីភ្នំពេញមែន ។
ជាក់ស្តែងចំណុចនេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋឆ្ងល់ថា៖ ការដាក់អ៊ូបូមខ្សាច់រាប់សិបឆ្នាំមកហើយ ហេតុអីក៏អាជ្ញាធរភូមិ–សង្កាត់–ខណ្ឌមិនដឹង ..? ឬមួយកន្ទេលធំបន្លំដេក អាចក្លាយជាមន្ត្រីគ្រាប់ល្ពៅ..! ។ ចុះបើប្រព័ន្ធផ្សព្វផ្សាយមិនបានដកស្រង់សំដីប្រជាពលរដ្ឋបានឲ្យដឹងដល់ថ្នាក់លើទេ សួរថា តើអាជ្ញាធរភូមិ–សង្កាត់–ខណ្ឌ គាត់គ្មានសមត្ថភាពទទួលព័ត៌មាន ជុំវិញការដាក់ទីតាំងអ៊ូបូមខ្សាច់ក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោចង្វានោះមែន ឬក៏បាក់អាថ៍កំបាំងថ្នាក់លើ..? ប្រជាពលរដ្ឋត្រេកអរ ខណៈបានឃើញថ្នាក់ដឹកនាំរាជធានីភ្នំពេញចុះមកពិនិត្យដោយផ្ទាល់ បន្ទាប់ពីសារព័ត៍មានក្នុងស្រុកជាច្រើនបាចុះផ្សាយករណីខាងលើនេះ។
បើតាមលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រាប់អ្នកសារព័ត៍មានតាមទូរស័ព្ទឲ្យថា៖ អាជ្ញាធររាជធានីភ្នំពេញ ពិតជាបានចុះមកពិនិត្យមើលមែននៅកន្លែងទីតាំងដាក់អ៊ូបូមខ្សាច់ ក្នុងសង្កាត់បាក់ខែង ប៉ុន្តែលោកមិនទាន់ដឹងពីគោលការណ៍ថ្នាក់លើមានចំណាត់ការបែបណា ពីព្រោះចៅសង្កាត់រងម្នាក់បានទៅចូលរួម នឹងមិនទាន់រាយការណ៍ជូនមកលោកនៅឡើយ។
លោក ចៅសង្កាត់បាក់ខែង បានបន្តទៀតថា៖ ឋានៈត្រឹមខ្ញុំថ្នាក់មូលដ្ឋានគេមិនស្តាប់ទេ អាងអីពីថ្នាក់លើៗ ដល់ពេលនេះថ្នាក់លើកចុះមកដឹងហើយថាយ៉ាងមេច. ! លោកថា«ខ្ញុំសុំតែសុខ និងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្ញុំស្រឡាញ់បានហើយ ល្មមៗខ្ញុំមិនហ៊ានទេខ្លាចជ្រុះស័ក្តិពីស្មា»។
គួរជម្រាបថា៖ ទីតាំងដាក់អ៊ូសាឡង់បូមខ្សាច់ នៅសង្កាត់បាក់ខែង មិនត្រឹមតែឧកញ៉ា លឹម ស្រូយ ជាជើងខ្លាំងមានឱកាសបូមខ្សាច់រាប់ឆ្នាំនៅទីនោះទេ គាត់មានទីតាំងដល់២កន្លែង បូមយ៉ាងអនាធិបតេយ្យ និងជាមេក្លោងខាងចេញមុខកាង រត់ការឱ្យទីតាំងដាក់អ៊ូសាឡង់បូមខ្សាច់ជាច្រើនកន្លែងនៅមូលដ្ឋានសង្កាត់បាក់ខែង ហើយមានឈ្មោះ«ជាតិ» មិនដឹងថា ជាអភិបាលខណ្ឌជ្រោយចង្វាផុតលេខ ឬជាបុគ្គលមកពីក្រហែងមេឃណាទេ ឮល្ហៀងៗថា មានឥទ្ធិពលប្រមូលលុយពីទីតាំងដាក់អ៊ូបូមខ្សាច់ទាំងនោះ រហូតដល់មានពាក្យចចាមរ៉ាមខ្លះថា ឈ្មោះ«ជាតិ» មានដាក់ហ៊ុនខ្លះដែរជាមួយឧកញ៉ា លឹម ស្រូយ។
ដោយឡែកឧកញ៉ា លឹម ស្រូយ ពាក់ព័ន្ធករណីខាងលើនេះ បានអះអាងប្រាប់សារព័ត៍មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ថា៖កន្លែងខ្ញុំមានច្បាប់ មិនមែនចេញដោយក្រសួងរ៉ែនិងថាមពលទេ គឺចេញដោយក្រសួងការពារជាតិ ក្នុងរុករកគ្រាប់យុទ្ធភ័ណ្ឌក្នុងទន្លេជាក់ស្តែងក្រុមហ៊ុនក៏បូមរុករកឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមរហូតដល់៧គ្រាប់ឯណោះ។
លោកឧកញ៉ា លឹម ស្រូយ អះអាងបន្តថា៖ ដោយឡែកកន្លែងដាក់អ៊ូមានសាឡង់ម៉ាសុីនបូមខ្សាច់ មិនមែនជារបស់គាត់ទេ ប៉ុន្តែគាត់ជួលដីនោះទៅឲ្យឧកញ៉ា លាង ឃុន ដើម្បីបូមខ្សាច់ទៅអភិវឌ្ឍន៍នៅម្តុំក្រោនភ្នំពេញ ហើយព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ស្រាប់តែមានខាងអាជ្ញាធរក្រុង និងខណ្ឌ សង្កាត់ តម្រូវឱ្យពួកគាត់ធ្វើការស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ ដោយខាងក្រុងទុកពេលឱ្យរយៈពេល១ខែ។ ដោយឡែកចំពោះលេចឮចចាមរ៉ាមថាឈ្មោះ«ជាតិ»មានហ៊ុនជាមួយគាត់ គឺលោកឧកញ៉ា លឹម ស្រូយ បានធ្វើការបដិសេធ ដោយនិយាយថា៖ «ខ្ញុំមិនឲ្យអ្នកណាមកដាក់ហ៊ុនជាមួយខ្ញុំទេ បើឈ្មោះ«ជាតិ»នោះកាន់តែមិនមែន ខណៈ«ជាតិ» គាត់មានលុយឯណាមករកសុីជាមួយខ្ញុំ ….រួចលោកក៏សុំបញ្ចប់ការបកស្រាយសិន ព្រោះលោក ឃ្លាំង ហួត កំពុងទូរស័ព្ទមកកាន់គាត់»។
ទាក់ទិននឹងបញ្ហានេះលោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ក៏បានប្រាប់អ្នកសារព័ត៍មានតាមទូរស័ព្ទដែរថា៖ថ្ងៃនេះខាងសាលារាជធានីភ្នំពេញមកពិនិត្យ ដោយសារថ្ងៃមុនមានបណ្តឹងមួយ ខ្ញុំក៏ចុះទៅធ្វើ ចុះទៅបិទ ដល់ចុះទៅបិទខាងហ្នឹងគេខឹង ថាគាត់រកសុីមិនបាន គេរកសុីបាន តែគាត់ស្តាប់ខ្ញុំមិនបាន …ខ្ញុំប្រាប់គាត់ថា ការរកសុីទទួលទានក្នុងមូលដ្ឋានខ្ញុំ .ខ្ញុំគាំទ្រខាងអភិវឌ្ឍន៍ប្រទេសជាតិ ទី១–មានច្បាប់ ,ទី២–ត្រូវបង់ពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់ និងទី៣ –កុំឲ្យប៉ៈពាល់ប្រជាជន ….រួចក៏បិទទូរស័ព្ទ។
ចំណែកលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ឱ្យដឹងកាលពីម្សិលមិញនេះថា៖ ការទម្លុះផ្លូវជាតិចាំបាច់ត្រូវធ្វើលិខិតស្នើសុំការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន មិនមែនចេះតែទម្លុះតាមចិត្តទេ ហើយការស្នើសុំនេះទៀតសោតខាងក្រសួងក៏មិនសំដៅថា អនុញ្ញាតអោយដែរ សំខាន់ត្រូវឱ្យខាងជំនាញបច្ចេកទេស ទៅពិនិត្យ វាយតម្លៃ ថាអោយច្បាប់ ឬមិនឱ្យ ។ បើអនុញ្ញាតក៏ត្រូវអនុវត្តតាមគោលការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ ដើម្បីផលប្រយោជន៍ជាតិ លើវិធានការការពារផ្លូវជាតិដែលបានស្ថាបនាហើយនោះ។ លោកបន្តថា៖ នៅផ្លូវជាតិលេខ៦អា មានការទម្លុះផ្លូវជាតិដាក់ទុយោបូមខ្សាច់ ហើយមានច្រើនកន្លែងទៀតនោះ ពិតណាស់ថាខាងក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតច្បាប់។
គួរបញ្ជាក់ថា ជុំវិញករណីខាងលើនេះគេសង្ស័យថា រដ្ឋបាលសាលារាជធានីភ្នំពេញ ទើបនឹងដឹងថាទីតាំងដាក់អ៊ូសាឡង់ម៉ាសុឺនបូមខ្សាច់ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា កំពុងធ្វើអាជីវម្មលោតឆ័ត្រ (ឯកសារមិនគ្រប់លក្ខណៈ) ទោះមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពលឲ្យបូមខ្សាច់កណ្តាលទន្លេក៏ដោយ បើធ្វើអាជីវកម្មដាក់អ៊ូម៉ាសុឺនបូមតភ្ជាប់សាឡង់នៅមាត់ជ្រាំងទន្លេ ក៏ត្រូវមានការឯកភាពពីប្រជាពលរដ្ឋអាជ្ញាធរភូមិ–សង្កាត់–ខណ្ឌ –សាលារាជធានីភ្នំពេញផងដែរ ទើបធ្វើអាជីវកម្មបាន ។ ប៉ុន្តែនៅទីបំផុត..! ដាក់អ៊ូបូមខ្សាច់ជាច្រើនទីតាំងនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាប់សិបឆ្នាំ ទើបនឹងបែកធ្លាយថា៖ អត់បានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ..! ចុះអាជ្ញាធរភូមិ–សង្កាត់–ខណ្ឌ គាត់មើលមិនឃើញ គាត់មិនថ្លង់ម៉ាសុឺនទេអី..? ឬមួយកន្ទេលធំបន្លំដេក..????…..៕