តើការដាក់អ៊ូសាឡង់បូមខ្សាច់ នៅក្នុងសង្កាត់បាក់ខែងយ៉ាងអនាធិបតេយ្យមិនដឹងថាមានច្បាប់ឬអត់! ខណៈពលរដ្ឋនៅក្បែរនោះថាបង្កសម្លេងលាន់ឮកងរំលងពេញភូមិ

ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតថា គ្រាន់តែក្នុងមូលដ្ឋានសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានការដាក់អ៊ូសាឡង់បូមខ្សាច់ មានប្រមាណ៥-៦កន្លែង ក្នុងនោះទីតាំងរបស់ ឧកញ៉ា លឹម ស្រូយ ២កន្លែង ធ្វើអាជីកម្មបូមខ្សាច់យ៉ាងចាស់វស្សានៅទីនោះ និងជាបុគ្គលម្នាក់ ខាងបូមខ្សាច់លោតឆ័ត្រដ៏ល្បីផងដែរកន្លងទៅ គឺធ្លាប់បូមខ្សាច់ពីទន្លេសាប ក្នុងខណ្ឌព្រែកព្នៅ ទម្លុះផ្លូវជាតិលេខ៥ បូមខ្សាច់ដាក់ចូលបឹងសំរោង។

បច្ចុប្បន្នឧកញ៉ា លឹម ស្រូយ មកដាក់អ៊ូសាឡង់បូមខ្សាច់នៅសង្កាត់បាក់ខែង យ៉ាងសុខសាន្ត ទទួលបានភាពកក់ក្តៅពីអាជ្ញាធរ ប៉ុន្តែគេពុំដឹងថា មានច្បាប់អនុញ្ញាត ឮក៏លោតឆ័ត្រនោះដែរ ខណៈក្រុមអ្នកសារព័ត៍មាន ព្យាយាមទាក់ទងសុំការបំភ្លឺពីលោក លឹម ស្រូយ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះដែរ ប៉ុន្តែគ្មានលេខទូរស័ព្ទ។ ប៉ុន្តែមន្ត្រីជំនាញខាងក្រសួងរ៉ែ និងថាមពល បានលើកឡើងថា៖ ទោះមានច្បាប់អនុញ្ញាតពីខាងក្រសួងរ៉ែ និងថាមពលក៏ដោយ បើគ្មានការអនុញ្ញាតពី អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ -សាលារាជធានីភ្នំពេញ និងគ្មានការយល់ព្រមពីប្រជាពលរដ្ឋ ក៏មិនអាចដាក់ អ៊ូសាឡង់បូមខ្សាច់ ដើម្បីឱ្យសាឡងចូលតាមអំពើចិត្តជាដាច់ខាត ព្រោះច្បាប់អនុញ្ញាតពីខាងក្រសួងរ៉ែ និងថាមពលឲ្យបូមកណ្តាលទន្លេ ចំពោះការលើកខ្សាច់ ការបូមខ្សាច់ដាក់ចូលសាឡាង ការបូមខ្សាច់បញ្ជូនពីទន្លេចេញអ៊ូសាឡង់ បន្តតាមទុយោឆ្លងកាត់ផ្លូវក្នុងភូមិ ផ្ទះប្រជាពលរដ្ឋ ទម្លុះផ្លូវជាតិលេខ៦អា នោះសុទ្ធតែមានការឯកភាព ពីប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ-សង្កាត់-ខណ្ឌ សាលារាជធានីភ្នំពេញ និងខាងជំនាញផ្សេង ឬពីពីខាង( ចៃកា) ខណៈការស្ថាបនាផ្លូវជាតិ ជាគម្រោងមានការធានាស្តង់ដារគុណភាព រវាងម្ចាស់គម្រោង និងរាជរដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាតំណាង។

ជាក់ស្តែងចំពោះការដាក់អ៊ូសាឡង់បូមខ្សាច់នៅមូលដ្ឋានសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា មានយ៉ាងសំបូរហូរហែ រំពងសំលេងលឺពេញភូមិ ក្នុងនោះក៏មានទីតាំង លោក លី គឹមហេង ផងដែរ ។ អស់លោកទាំងនោះជំនាញខាងយកឈ្មោះអ្នកធំមកប្រើប្រាស់ ដែលគេដាក់ភាពសង្ស័យថា ទោះមានច្បាប់អនុញ្ញាតពីខាងក្រសួងរ៉ែ និងថាមពល អោយបូមកណ្តាលទន្លេ ក៏ដោយ តែអាចគ្មានការឯកភាពពីប្រជាពលរដ្ឋ ដាក់អ៊ូសាឡង់បូមខ្សាច់ លើកខ្សាច់ ដែលមានលិខិតអនុញ្ញាតចេញដោយភូមិ-សង្កាត់-ខណ្ឌ សាលារាជធានីភ្នំពេញ ។ លើកលែងតែប្រជាពលរដ្ឋមួយចំនួនដែលគាត់បានកម្រៃពីជួលដីអោយដាក់ទីតាំង អោយទម្លុះទុយោចូលកាត់តាមភូមិ តែចំពោះការទម្លុះទុយោឆ្លងកាត់ផ្លូវជាតិលេខ៦អា និងផ្លូវក្នុងភូមិគឺ ជាភារកិច្ចទទួលខុសត្រូវខ្ពស់ ពីអាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ សាលារាជធានីភ្នំពេញ ពិសេសខាងក្រសួងសាធារណការ និងដឹកជញ្ជូន គួរពិនិត្យជុំវិញបញ្ហានេះផងដែរ។

បើតាមលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានប្រាប់អ្នកសារព័ត៍មានក្នុងស្រុកតាមទូរស័ព្ទថា៖ ខ្ញុំមិនដឹងថា ទីតាំងបូមខ្សាច់នៅក្នុងសង្កាត់បាក់ខែង មានប៉ុន្មានកន្លែងទេ បើមានការបូមសុទ្ធតែមានច្បាប់អនុញ្ញាត និងមានការឯកភាពពីប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកបន្តថា៖ បើមានច្បាប់អនុញ្ញាតពីខាងក្រសួងរ៉ែ និងថាមពលក៏ដោយ បើប្រជាពលរដ្ឋអត់ឯកភាពក៏មិនអាចដាក់អ៊ូបូមបានដែរ។

លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង បានគូសបញ្ជាក់ថា៖ ការបូមខ្សាច់នេះជាគោលការចំបងសម្រាប់យកទៅអភិវឌ្ឍន៍តំបន់ផ្នែកខាងផ្លូវជាតិលេខ៦អា តម្រូវការខ្សាច់ច្រើន ហើយបើទីតាំងណាមានប្រជាពលរដ្ឋប្តឹង លោកនឹងរាយការណ៍ជូនគណៈបញ្ជាការឯកភាពខណ្ឌភ្លាម ដើម្បីមានវិធានការបិទអាជីកម្ម។

ដោយឡែកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វា លោក ឃ្លាំង ហួត អ្នកសារព័ត៍មានយើងព្យាយាមទូរស័ព្ទ ដើម្បីសួរនាំពីករណីខាងលើនេះ តែមិនចូល ប៉ុន្តែបើឆាតសួរតាម ប្រព័ន្ធ Telegram ជាទម្លាប់លោកបើកមើលឃើញហើយ តែមិនឆ្លើយតប (តើនេះអាចជាទម្លាប់អ្នកធំរើសអើង)ចំពោះការសួរនាំ! ។

ជុំវិញបញ្ហានេះដែរ ពលរដ្ឋសង្ឃឹមថា៖ រដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យរដ្ឋបាលលើទីតាំងដាក់អ៊ូសាឡង់បូមខ្សាច់ជាប់មាត់ជ្រាំងទន្លេ ជាមួយនិងការបំពងសម្លេង មានការឯកភាពពីប្រជាពលរដ្ឋ ឬមានការអនុញ្ញាតពីអាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ សាលារាជធានីភ្នំពេញ ចៀសវាងការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរវាងម្ចាស់ទីតាំង និងអាជ្ញាធរមូលដ្ឋាន .? ពីព្រោះក្នុងសង្កាត់បាក់ខែង ក្នុងភូមិក្តីចាស់ ឃើញទុយោខ្វាត់ខ្វែងច្រើនណាស់ដែលគេទម្លុះឆ្លងផ្លូវជាតិលេខ៦ ចូលក្នុងភូមិ ឆ្លងកាត់ផ្លូវក្នុងភូមិ មួយកន្លែងៗមានទុយោដាក់ទៅកាន់ កន្លែង អ៊ូបូមតាមសាឡង់ចាប់ពី២ទៅ៣ ឬ៤ទៅ៥ទុយោ ….បញ្ហានេះតើផ្លូវជាតិលេខ៦អា អាចធុននិងគុណភាពរឹងមាំបានយូរអង្វែងទេ.? មន្ត្រីសាលាក្រុងបានបង្ហើបថា៖ បើរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យរដ្ឋបាលជាក់ស្តែង អាចរកឃើញពីភាពមិនប្រក្រតី សម្រាប់ទីតាំងដែលបានដាក់អ៊ូសាឡង់បូមខ្សាច់ លើបញ្ហាខុសបច្ចេកទេស , គ្មានការអនុញ្ញាតពីសាលារដ្ឋបាលរាជធានីភ្នំពេញ ឬអាចបែកធ្លាយនៃអំពើពុករលួយណាមួយ..? ។

ចំណែកលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធនិងការទម្លុះផ្លូវជាតិ ដើម្បីដាក់ទុយោបូមខ្សាច់នេះ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោកបានប្រាប់សារព័ត៍មានតាមទូរស័ព្ទថា៖ ជាគោលការណ៍ ការទម្លុះផ្លូវជាតិដាក់ទុយោ ធ្វើអ្វីមួយ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីក្រសួងចាត់បញ្ជូនអោយខាងជំនាញ ទៅពិនិត្យ ថាត្រូវអនុញ្ញាត ឬមិនអនុញ្ញាត សិក្សាពីស្ថានភាពជាក់ស្តែងនៅទីតាំងនោះ តែបើអនុញ្ញាតវិញ ក៏តម្រូវអោយធ្វើតាមខាងបច្ចេកទេសដែរ ប្រយោជន៍ការពារផ្លូវជាតិ។

ក្នុងករណីដែលនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ថាមានក្រុមហ៊ុនបូមខ្សាច់ជាច្រើនបានទម្លុះផ្លូវជាតិលេខ៦អា ដាក់ទុយោបូមខ្សាច់ លោក គង់ វិមាន អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា៖ ខ្ញុំមិនទាន់ច្បាស់ថាពួកគេ បានសុំច្បាប់អនុញ្ញាតពីក្រសួង ឬមួយយ៉ាងណាទេ ខណៈកន្លងទៅមានឯកសារជាច្រើនបានដាក់ស្នើសុំ តែខាងក្រសួងកម្រនឹងអនុញ្ញាត បើអនុញ្ញាតវិញ លុះណាតែអនុវត្តតាមខាងបច្ចេកទេសតម្រូវ ទាំងទំហំទុយោ ជម្រៅ កម្រាស់ ធ្វើបែបណាមិនអោយដល់ប៉ៈពាល់ដល់ការស្រុត ប្រេះ ស្រាំផ្លូវជាតិ។ ម្យ៉ាងបើមានក្រុមហ៊ុនបូមខ្សាច់នៅផ្លូវជាតិលេខ៦អា ទម្លុះដាក់ទុយោមួយកន្លែងៗ ដ៏ច្រើនទុយោនោះ ជាកំហុស គឺខាងក្រសួងមិនអនុញ្ញាតដាច់ខាត៕

Leave a Reply

Your email address will not be published. Required fields are marked *