ភ្នំពេញ៖រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងបន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្តីណែនាំអំពីវិធានការបង្ការការឆ្លងរាលដាលនៃមេរោគកូរ៉ូណា ឬហៅថា ជំងឺកូវីដ១៩ ដែលពិភពលោកកំពុងព្រួយបារម្ភនេះគេសង្កេតឃើញថា ម្ចាស់កម្មវិធីក៏ដូចសាម៊ី ខ្លួនគេផ្ទាល់បានប្រកាសរំសាយឬលើកពេលដោយគ្មានថ្ងៃកំណត់អាស្រ័យលើស្ថានភាពជម្ងឺកូវីដ១៩មានការប្រែប្រួលឬថយចុះជាមុនសិន ក្នុងនោះមានពិធីបុណ្យ ពិធីមង្គលការ ឬការជួបជុំបែបប្រពៃណីនៅក្នុងប្រទេសកម្ពុជា ត្រូវបានអ្នករៀបចំកម្មវិធីប្រកាសផ្អាកនិងលើកពេលជាបន្តបន្ទាប់។

បើយោងតាមការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម បានឲ្យដឹងថា កូនកំលោះ និងកូនក្រមុំ ជាច្រើនគួរ បូករួមទាំង តារា សម្តែង ខ្លះ ដែលបានអញ្ជើញភ្ញៀវរួចរាល់ និងគ្រោងចូលរោងការនៅចុងខែមីនា ឬខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចចិត្តលើកពេលទៅថ្ងៃក្រោយ ដោយមិនទាន់កំណត់កាលបរិច្ឆេទឡើយ ព្រោះពួកគេព្រួយបារម្ភពីការឆ្លងមេរោគកូរ៉ូណា ដ៏កាចសាហាវនេះ គ្មានភ្ញៀវ ចូល រួមមង្គលការពួកគេ ។

គណនីហ្វេសប៊ុកឈ្មោះ ព្រះនាងតូច នៅថ្ងៃនេះ បានជម្រាបជូនដល់ភ្ញៀវកិត្តយសរបស់ខ្លួន អំពីការលើកពេលនេះថា «យើងខ្ញុំជាកូនកំលោះ កូនក្រមុំ ព្រមទាំងឪពុកម្តាយ និងបងប្អូនទាំងសងខាង សូមជំរាបជូនដំណឹងដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ឲ្យបានជ្រាបថា៖ ថ្ងៃមង្គលការរបស់យេីងខ្ញុំ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវផ្អាកបណ្ដោះអាសន្ន ដើម្បីជៀសវាងពីជំងឺកូវីត១៩ (CORONA VIRUS) ដ៏កាចសាហាវនេះ។ ចំណែក តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ហ៊ុន បរិញ្ញា និងតារាកំប្លែងស្រី កញ្ញា វ៉ាន់ នីឡា កូនស្រីច្បងរបស់លោកសុវណ្ណតិទ្ធីហៅលោកតាវិចទ័រក៏បានប្រកាសរំសាយពិធីមង្គលការផងដែរក្រោយពេលមានក្តីបារម្ភពីការឆ្លងជំងឺកូវីដ១៩ខ្លាចក្រែងអវត្តមានភ្ញៀវចូលរួម។

តាមគម្រោងតារាកំប្លែងស្រីល្បី វ៉ាន់ នីឡា នឹងត្រូវដឹកដៃគូស្នេហ៍ចូលរោងការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។ តែពេលនេះស្រាប់តែធ្លាយដំណឹងដ៏ជាក់លាក់មកថា តារាកំប្លែងស្រីវ័យក្មេងរូបនេះលើកឡើងថានាងមានការងារច្រើនមមាញឹកក្រុមគ្រួសារទាំងសងខាងសុទ្ធតែរវល់ដកឃ្លាមិនរួច ។ បើរៀបការខែ០៥ នេះមែន ក៏ហៅភ្ញៀវមិនទាន់ដែរ នេះជាហេតុផលទី១។ នាងថាមង្គលការនេះនឹងផ្លាស់ប្ដូរទៅខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែពុំទាន់កំណត់ថ្ងៃជាក់លាក់ឡើយ ដោយរង់ចាំទំនេរដៃបន្ដិចទើបទៅរកគ្រូហោគុណគូបន្ដ។ នាង ថាជុំវិញករណីផ្ទុះនូវវីរុសកូវីដ១៩ ដែលជាមូលហេតុទី២នាំឲ្យនាងសម្រេចពន្យារ និងរំសាយមង្គលការខែឧសភា ខាងមុខ នាងក៏ផ្ដាំផ្ញើទៅកាន់បងប្អូនទាំងអស់កុំឲ្យមានការភ័យខ្លាចខ្លាំងពេក គឺត្រូវតែអនុវត្តន៍វិធានការការពាររក្សាសុខភាពតាមការណែនាំរបស់អ្នកជំនាញ និងក្រសួងសុខាភិបាល។

ដូចគ្នានេះដែរតារាចម្រៀងប្រុសហ៊ុន បរិញ្ញា ដែលគ្រោងនឹងចូលរោងការនៅថ្ងៃទី២៥ ខែមីនា ខាងមុខ ត្រូវបានពន្យាពេល។ភរិយារបស់លោក ហ៊ុន បរិញ្ញា បានសរសេរសារតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «យើងខ្ញុំទាំងពីរនាក់ ព្រមទាំងលោកពុកអ្នកម្តាយទាំងសងខាង សូមខន្ដីអភ័យទោសដល់ ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក/លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដែលជាថ្ងៃសិរីមង្គលរបស់យើងខ្ញុំទាំងពីរ និងប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ (អាគាA) ត្រូវបានពន្យាពេលលើកថ្ងៃ ដោយសារតែបញ្ហា Covid-19 អាស្រ័យហេយុនេះយើងទាំងពីរព្រមទាំងក្រុមគ្រួសារទាំងសងខាង សូមអភ័យទោស ។ នាងជូនពរ អោយសុខភាពល្អ និងសំរេចជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងឆ្លងឲ្យផុតទាំងអស់គ្នានៅជម្ងឺ Covid-19 នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here