ពលរដ្ឋជាង ២០០គ្រួសារនៅស្រុកគីរីសាគរសុំអន្តរាគមន៍ពីសម្តេចតេជោរឿងដីធ្លី

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង ២០០គ្រួសាររស់នៅភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ និងភូមិភ្ញីមាស ស្រុកគីរីសាគរខេត្តកោះកុងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនយូញៀនឌីវីឡុបមិនជាច្រើនឆ្នាំមកហើយនោះ បានស្វែងរកអន្តរាគមន៍ពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជានិងក្រសួង,ស្ថាប័នពាក់ព័ន្ធ។ ចំពោះបញ្ហានេះ លោកស្រីអភិបាលខេត្តកោះកុងបានបញ្ជាក់ថា គឹមានតែអន្តរក្រសួងទេទើបអាចដោះស្រាយបាន។

តំណាងប្រជាពលរដ្ឋឈ្មោះ សែម ធី បានឲ្យដឹងថា ពួកគាត់បានមករស់នៅកាន់កាប់ប្រើប្រាស់និងអាស្រ័យផលលើដីនេះ តាំងតែពីឆ្នាំ១៩៧៩។ពួកគាត់ មានផ្ទះសម្បែង មុខរបរ បង្កបង្កើនផលចិញ្ចឹមជីវិតរៀងមក មិនដែលអាក់ខានម្តងណាឡើយ។
ក្រៅពីការធ្វើស្រែចម្ការពួកគាត់ជាអ្នកនេសាទត្រីសមុទ្រដើម្បីបំពេញជីវភាពខ្វះខាត។តំណាងដដែលបន្តថាចាប់តាំងពីក្រុមហ៊ុនយូញៀនឌីវីឡុបមិនមកអភិវឌ្ឍន៍តំបន់នេះពួកគាត់ទទួលរងការគំរាមកំហែងនិងអាចទទួលការបណ្តេញចេញពីលំនៅឋានព្រោះពួកគាត់មិនព្រមទទួលយកដំណោះស្រាយកន្លងមក។ ពួកគាត់គឺចង់រស់នៅទឹកដីចាស់ដែលមានស្រាប់តែខាងអាជ្ញាធរមិនព្រមដោះស្រាយ តាមការឆ្វៀលដីរបស់ពួកគាត់ចេញពីដីក្រុមហ៊ុន។

ពលរដ្ឋឈ្មោះ សែម ធី បាននិយាយថា លោកសូមឲ្យព័ត៌មាននេះ បានទៅដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយកាត់ឆ្វៀលឲ្យពួកគាត់បានរស់នៅធ្វើស្រែចម្ការ ដូចដើម ហើយមិនចេញពីកន្លែងចាស់ទេ។ ពួកគាត់បានសំណូមពរដល់សម្តេចតេជោនាយករដ្ឋមន្ត្រីមេត្តាកាត់ឆ្វៀលដីឲ្យពួកគាត់បានរស់នៅ និងអភិវឌ្ឍន៍នៅនឹងកន្លែង ។ពួកគាត់អត់ចង់ដោះដូរទៅរស់នៅកន្លែងថ្មីទេ។

ចំណែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍នៅរសៀលថ្ងៃទី២ ខែធ្នូនេះថា ចំពោះករណីនេះគឺខាងខេត្តមិនអាចដោះស្រាយបានទេ។ មានតែអន្តរក្រសួង ទើបអាចដោះស្រាយបាន។ ខេត្តបានធ្វើរបាយការណ៍ទៅអន្តរក្រសួងអស់ហើយ។លោកស្រីបានបញ្ជាក់ថាអន្តរក្រសួងកំពុងតែរៀបចំជិតចុះមកដោះស្រាយបញ្ហានេះហើយ តែដោយសារតែបញ្ហាកូវីដ គឺមិនទាន់អាចចុះមកដោះស្រាយបាន៕

Leave a Reply

Your email address will not be published. Required fields are marked *