អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះចែកម៉ាស ជូនដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍

ភ្នំពេញ ៖ នៅរសៀលម៉ោង២ ថ្ងៃទី០២-១២-២០២០ លោក ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការ បានដឹកនាំកម្លាំងធ្វើការចុះចែកម៉ាស់ ចំនួន២០០០ម៉ាស់ជូនដល់ប្រជាពលរដ្ឋ នៅចំណុចភ្លើងស្តុបផ្លូវជាតិ លេខ១ ផ្សារច្បារអំពៅ និង៤០០០ម៉ាស់ទៀត ប្រគល់ជូន ប៉ុស្ត៍នគរបាលរដ្ឋបាលទាំង៨ យកទៅចែកជូនប្រជាពលរដ្ឋបន្តទៀតដើម្បីយកទៅប្រើប្រាស់ ការពារមេរោគកូវីដ ១៩។ ម៉ាស់ខាងលើនេះ ជាអំណោយរបស់សាលារាជធានីភ្នំពេញ។

សកម្មភាព ចុះចែកម៉ាស របស់អាជ្ញាធរខណ្ឌច្បារអំពៅនេះ ធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេច បញ្ចេញ ម៉ាសជាលើកទី២ ចំនួន២លានម៉ាសទៀត ជូនដល់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តសៀមរាប ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួម បង្ការ និងទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ការសម្រេចផ្តល់ ម៉ាសចំនួន២លាន នេះ ជាលើកទី២ ហើយ ដោយលើកទី១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចេញចំនួន២លានម៉ាស ប្រគល់ជូនអាជ្ញាធររា ជធានីភ្នំពេញ យកទៅចែកជូន ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *