សភា​អ៊ីរ៉ង់ ចេញ​សេចក្តីថ្លែងការណ៍​មួយស្នើឲ្យ​បញ្ចប់​ការត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ឆ្លើយតប​នឹងករណីបាញ់សម្លាប់លោក​Fakhrizadeh

អន្តរជាតិ៖ ដើម្បីជាការឆ្លើយតបនឹងករណីបាញ់សម្លាប់អ្នកជំនាញនុយក្លេអ៊ែរ លោក Mohsen Fakhrizadeh នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ សភាអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីស្នើឲ្យអ៊ីរ៉ង់ផ្អាកការត្រួតពិនិត្យពីសហគមន៍អន្តរជាតិលើរោងចក្រផលិតនុយក្លេអ៊ែររបស់ខ្លួន។

ជាក់ស្តែង នៅថ្ងៃទី២៨ ខែវិច្ឆិកាថ្មីៗនេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei​ បានប្រកាសសងសឹកវិញ នៅក្នុងពេលវេលាត្រឹមត្រូវណាមួយ ព្រោះលោក Mohsen Fakhrizadeh ជាបុគ្គលមួយរូប ដែលអ៊ីស្រាអែលចាត់ទុកថា ជាអ្នកវិទ្យសាស្ត្រកំពូលទទួលបន្ទុកកម្មវិធីនុយក្លេអ៊ែរដ៏ខ្លាំងរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារមួយនៅក្នុងទីក្រុង Absard ភាគខាងកើតរដ្ឋធានីតេហេរ៉ង់

សូមជម្រាបថា មួយថ្ងៃបន្ទាប់ពីការប្រកាសសងសឹករបស់មេដឹកនាំកំពូល សភាអ៊ីរ៉ង់ ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែលចុះហត្ថលេខាដោយសមាជិកសភាទាំងអស់ ដោយស្នើឲ្យបញ្ឈប់ការត្រួតពិនិត្យជាអន្តរជាតិលើរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែរ បើតាមសេចក្តីថ្លែងការណ៍នេះ សមាជិកសភាអ៊ីរ៉ង់ អំពាវនាវឲ្យមានការឆ្លើយតបភ្លាមៗ និងដាក់ទណ្ឌកម្មលើសកម្មភាពឈ្លានពានរបស់បរទេស ហើយវិធីល្អបំផុត គឺដំណើរការរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែរនៅក្នុងប្រទេសឡើងវិញ

សភាអ៊ីរ៉ង់ បន្តថា ដើម្បីដំណើរការរោងចក្រនុយក្លេអ៊ែរឡើងវិញ គឺត្រូវបញ្ចប់ការអនុវត្តដោយស្ម័គ្រចិត្តលើពិធីការបន្ថែមមួយចំនួន និងបញ្ចប់ការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA)​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​Al Jazeera

ដោយឡែកសេចក្តីថ្លែងការណ៍នេះ មិនមានអំណាចចាប់បង្ខំអ្វី សភាអ៊ីរ៉ង់ កំពុងតាក់តែងសេចក្តីស្នើច្បាប់មួយ ដើម្បីឆ្លើយតបនឹងសេចក្តីអំពាវនាវខាងលើ ព្រោះសេចក្តីស្នើច្បាប់លុបចោលទណ្ឌកម្ម មានចំនួន មាត្រា ដែលនឹងអនុញ្ញាតឲ្យអ៊ីរ៉ង់ត្រលប់ទៅចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូ យ៉ាងហោចណាស់ ១២០គីឡូក្រាម ២០ភាគរយក្នុងមួយឆ្នាំ ដំណើរការរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូ Fordow ឡើងវិញ និងបង្កើនចំនួនម៉ាស៊ីនបំបែកសារធាតុឲ្យកាន់តែច្រើន

ជាក់ស្តែងសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ខាងលើ នៅតែបន្តចោទអ៊ីស្រាអែលដដែលថា ជាអ្នកនៅពីក្រោយករណីសម្លាប់លោកFakhrizadeh​ បើតាមអ៊ីរ៉ង់ ការសម្លាប់លោក Fakhrizadeh គឺអ៊ីស្រាអែល មិនចង់ឃើញអ៊ីរ៉ង់ត្រលប់មករកស្ថានភាពធម្មតាវិញឡើយពោលគឺជាស្ថានការណ៍ ដែលអ៊ីរ៉ង់មិនរងទណ្ឌកម្មរបស់អន្តរជាតិ និងប៉ះពាល់ប្រយោជន៍មួយចំនួនអ៊ីស្រាអែល

គួររម្លឹកផងថា តាមរយៈកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអាមេរិកបានដកខ្លួនចេញ អ៊ីរ៉ង់បានយល់ព្រមផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននិងអនុញ្ញាតឲ្យអង្គការ IAEA ត្រួតពិនិត្យការចម្រាញ់សារធាតុនុយក្លេអ៊ែរ ដើម្បីដោះដូរជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ច ចំណែកការស្ម័គ្រចិត្តលើពិធីការបន្ថែមមួយចំនួន ជាវិធានការរបស់អ៊ីរ៉ង់ ដែលផ្តល់ឲ្យអង្គការ IAEA ក្នុងការពិនិត្យការប្រើប្រាស់សម្ភារៈនុយក្លេអ៊ែរផ្សេងៗ

បច្ចុប្បន្ន សាកសពរបស់លោក Fakhrizadeh ត្រូវបញ្ចុះនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានវត្តមានរបស់ក្រុមគ្រួសារ និងមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ ប៉ុន្តែអ្នកនាំពាក្យយោធាអ៊ីរ៉ង់ មិនបានបញ្ជាក់ទេ ថាតើពិធីបុណ្យសពរបស់អ្នកជំនាញនុយក្លេអ៊ែររូបនេះ នឹងត្រូវធ្វើនៅកន្លែងណាឡើយ​?

Leave a Reply

Your email address will not be published. Required fields are marked *