ខណៈវិធានការរឹតត្បិតកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ ប្រទេសថៃបន្តបើកទ្វារស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ

អន្តរជាតិ៖ ស្របពេលប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសចំនួន១,២០១នាក់ ជាលើកដំបូងនៅក្នុងខែតុលាកន្លងទៅ ហើយនឹងកំពុងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរបរទេសបន្តិចម្តងៗ ដោយពឹងផ្អែកជាខ្លាំងលើវិស័យទេសចរណ៍ ដើម្បីជួយស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបើគិតចាប់តាំងពីបម្រាមមិនឲ្យមានទេសចរចូលប្រទេសអាស៊ានមួយនេះ កាលពីខែមេសាកន្លងមក ក្នុងគោលបំណងទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកល (COVID-19)

ជាក់ស្តែងបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA ដកស្រង់ចេញពីទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថា៖ ភ្ញៀវទេសចរបរទេសចំនួន១,២០១នាក់ដែលបានកត់ត្រានៅក្នុងខែតុលា ឆ្នាំ២០២០នេះ គឺជាចំនួនដ៏តិចតួចបំផុតមួយ បើធៀបនឹងចំនួន ភ្ញៀវទេសចរបរទេសដល់ទៅ៣.០៧លាននាក់ ដែលបានមកដល់ប្រទេសថៃ ក្នុងខែតុលា ឆ្នាំ២០១៩ មុនពេលជំងឺ COVID-19 ផ្ទុះឡើង។ ក្នុងនោះចំនួនភ្ញៀវទេសចរបរទេសដែលមកដល់ចុងក្រោយបំផុតរួមមាន៖ ៤៧១នាក់មកពីចិន, ២៣១នាក់មកពីកម្ពុជា, ១៧៨នាក់មកពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង១១៦នាក់មកពីបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប។

ប្រភពដដែល បានបញ្ជាក់ទៀតថា ចំពោះវិធានការរឹតត្បិតការចូលប្រទេសរបស់ថៃ បានជួយប្រទេសមួយនេះរក្សាករណីឆ្លងសរុបនៃជំងឺCOVID-19 ឲ្យមានតិចជាង៤,០០០ករណី។ ខណៈភ្ញៀវទេសចរទាំងអស់ បានធ្វើដំណើរកាន់ទិដ្ឋាការពិសេសរយៈពេល៩០ថ្ងៃ ដែលតម្រូវឲ្យមានការធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍។

លើសពីនេះទៅទៀត រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយប្រទេសចិនស្តីពីគម្រោងបើកការធ្វើដំណើរឆ្លងព្រំដែនរវាងប្រទេសទាំងពីរ (travel bubble) ដើម្បីស្តារសេដ្ឋកិច្ចដែលរដ្ឋាភិបាលថៃបានព្យាករណ៍ថា នឹងធ្លាក់ចុះ៦ភាគរយនៅឆ្នាំនេះ។ ប៉ុន្តែថៃពុំទាន់បានយល់ស្រប លើការរៀបចំនេះឡើយ ហើយផែនការពីមុនៗមកធ្លាប់ត្រូវបានបោះបង់ចោល កាលពីខែសីហាកន្លងទៅ បន្ទាប់ពីមានការកើនឡើងនូវករណីឆ្លង COVID-19 នៅតំបន់អាស៉ី។

សូមជម្រាបថា ក្នុងចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ២០២០នេះ ប្រទេសថៃ ចំនួនភ្ញៀវទេសចរបរទេសនៅក្នុងប្រទេស បានធ្លាក់ចុះរហូតដល់ ៧៩.៥ភាគរយ គឺថយមកនៅត្រឹម៦.៦៩លាននាក់។

ដោយឡែកបើតាមការព្យាករណ៍របស់ទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋាភិបាលថៃ ក្នុងឆ្នាំនេះនឹងមានភ្ញៀវទេសចរបរទេសចំនួន៦.៧លាននាក់ប៉ុណ្ណោះ។ ខណៈកាលពីឆ្នាំ២០១៩ គឺមានភ្ញៀវទេសចរបរទេសដល់ទៅចំនួន ៣៩.៩លាននាក់ ដែលបានចំណាយប្រាក់ចំនួន៦៣ពាន់លានដុល្លារអាមេរិក ឬប្រហែលនឹង ១១.៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *