ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ ស្កាត់​ជួបដំរី​ឯកោ​ឈ្មោះ Kaavan​ ជាលើក​ចុងក្រោយ មុននឹងបញ្ជូនមកប្រទេសកម្ពុជាវិញ​

អន្តរជាតិ៖ ទីបំផុត!នាថ្ងៃអាទិត្យថ្ងៃទី២៩ ខែវិច្ឆិកា​ស្អែកនេះ ដំរីឯកោឈ្មោះ Kaavan នឹងត្រូវបានគេបញ្ជូនទៅកាន់ដែនជម្រកសត្វដំរី ដើម្បីចាប់ផ្តើមជីវិតថ្មីនៅកម្ពុជា បន្ទាប់ពីយុទ្ធនាការអស់រយៈពេលជាច្រើនឆ្នាំដោយអ្នកតស៊ូមតិដើម្បីសិទ្ធិសត្វនិងតារាចម្រៀងល្បីគឺអ្នកស្រីCher ដែលជួយសង្គ្រោះដំរីនេះពីស្ថានភាពដ៏សែនអាក្រក់ដោយគ្មានដៃគូនោះ។

ប៉ុន្តែមុននឹងដំរីមួយនេះ ត្រលប់មកប្រទេសកម្ពុជាវិញនោះ ប្រធានាធិបតីប៉ាគីស្ថានលោក Arif Alvi បានស្កាត់ជួបជាលើកចុងក្រោយជាមួយកាលពីថ្ងៃអង្គារទី២៤ ខែវិច្ឆិកាថ្មីៗនេះ ខណៈដែលដំរីឯកោឈ្មោះ Kaavan កំពុងស្ថិតនៅសួនសត្វនៃរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

ជាក់ស្តែងលោកប្រធានាធិបតីប៉ាគីស្ថានរូបនេះ ដែលពាក់ម៉ាស់និងភរិយារបស់លោកគឺអ្នកស្រី Samina បានឲ្យដំរី Kaavan ស៊ីចេកនៅពេលពួកគេពិភាក្សាជាមួយសមាជិកនៃអង្គការជួយសង្គ្រោះសត្វគឺ អង្គការ Four Paws អំពីផែនការដឹកដំរីនេះលោក Alvi បានបញ្ជាក់បន្ថែមថា «​ខ្ញុំប្រាកដក្នុងចិត្តថា នៅប្រទេសកម្ពុជាដំរីនេះនឹងមានសុភមង្គល ពីព្រោះអស់ពេលយូរណាស់ទើបគេដឹងថា ដំរីនេះមានភាពតានតឹងផ្លូវចិត្ត​»​

សូមជម្រាបថា ដំរីឯកោឈ្មោះ Kaavan នេះត្រូវបានគេដឹងថា ចូលចិត្តស្តាប់ភ្លេងនិងចូលចិត្តលោក Amir Khalil បុគ្គលិកសត្វព្រៃនៃអង្គការ Four Paws ដែលមានចំណងផ្លូវចិត្តជាមួយដំរី ដោយច្រៀងចម្រៀង Frank Sinatra ជាមួយគ្នានេះ ដំរី Kaavan ធ្លាប់គឃ្លើនដាក់មនុស្សនាពេលកន្លងមកផងដែរ។

ដោយឡែកតារាចម្រៀង Cher គ្រោងនឹងទៅទីក្រុងអ៊ីស្លាម៉ាបាដនៅចុងសប្តាហ៍នេះដើម្បីជួបនិងជូនដំណើរដំរី ដែលនាងបានធ្វើការជួយសង្គ្រោះអស់ជាច្រើនឆ្នាំនេះ។

គួរបញ្ជាក់ថា ដំរីនេះនឹងត្រូវដឹកតាមយន្តហោះទៅប្រទេសកម្ពុជាបន្ទាប់ពីហ្វឹកហាត់អស់រយៈពេលជាច្រើនសប្តាហ៍ជាមួយអ្នកឯកទេសអន្តរជាតិដែលប្រើចេក ដើម្បីឲ្យដំរីនេះព្រមនៅកន្លែងចង្អៀតនិងសំឡេងខ្លាំងៗពេលជិះយន្តហោះ១០ម៉ោង

ចំណែកឯវិស្វករដែលរៀបចំទ្រុងដឹកដំរីក៏បានអះអាងថា ទ្រុងនេះលាបពណ៌តាមបែបប្រពៃណីប៉ាគីស្ថានដែលតុបតែងដោយរូបសត្វពណ៌ឆើតនិងទង់ជាតិប៉ាគីស្ថានដើម្បីអបអរពិធីរីករាយនេះ​​​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *