(រ៉ូម)៖បើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រសួងសុខាភិបាលអ៉ីតាលី បានបោះជំហានទៅមុខថែមមួយកម្រិតទៀត នោះគឺការណែនាំឲ្យបិទសួនច្បារសាធារណៈទាំងអស់ បូករួមទាំងអស់ទីកន្លែងកម្សាន្តជាលក្ខណៈបើកចំហនានាផងដែរ ដើម្បីបង្កើនការទប់ស្កាត់បន្ថែមទៀត ចំពោះការឆ្លងរាលដាលដ៏អាក្រក់នៃជំងឺ COVID-19 ដែលប្រទេសអឺរ៉ុបមួយនេះ កំពុងទទួលរងគ្រោះធ្ងន់ជាងគេបំផុត នៅលើពិភពលោក។

ប្រទេសអ៉ីតាលីបានប្រកាសបិទទ្វារ កាលពីថ្ងៃទី០៨ ខែមីនា កន្លងទៅនេះ នៅពេលដែលស្ថានការណ៍ឆ្លងរាលដាល COVID-19 មានភាពកាន់តែធ្ងន់ធ្ងរ។ ដោយឡែកការបន្ថែមសួនច្បារ និងទីលានសាធារណៈនានានៅក្នុងបញ្ជីនៃទីតាំង ដែលត្រូវបិទជាបណ្តោះអាសន្ននេះ គឺកើតមានឡើងកាលពីថ្ងៃសុក្រម្សិលមិញ នៅមុនពេលចុងសប្តាហ៍ដែលត្រូវបានអាជ្ញាធររំពឹងថា ប្រជាជនអ៉ីតាលីជាច្រើននាក់ នឹងចេញដើរកម្សាន្ត ឬហាត់ប្រាណ ហើយក៏ជាឱកាសដែល COVID-19 អាចឆ្លងរាលដាលបន្ថែមទៀតដែរ។

បើតាមអាជ្ញាធរអ៉ីតាលី អ្នកដែលល្មើសនឹងបទបញ្ជាខាងលើនេះ នឹងត្រូវទទួលរងពិន័យ ឬទោសទណ្ឌទៅតាមច្បាប់កំណត់។ ប្រជាជនអ៉ីតាលីទាំងអស់ ត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះ ដើម្បីគេចផុតពីការឆ្លង COVID-19។ គិតត្រឹមយប់ថ្ងៃសុក្រសប្តាហ៍នេះ ប្រជាជនអ៉ីតាលីសរុប ៤,០៣២នាក់ហើយបានស្លាប់ដោយសារ COVID-19៕

LEAVE A REPLY

Please enter your comment!
Please enter your name here