ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងល្បែងស៊ីសងភ្នាល់បាល់ចាក់លុយមួយកន្លែង បើកលេង និងមានអតិថិជន មកទទួលសេវាកម្មចាក់ភ្នាល់បាល់យ៉ាងអាណាធិបតេយ្យឡើងវិញហើយ ក្រោយពីអាជ្ញាធរ នឹងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបនាពេលកន្លងមក (ហេតុអ្វីបានជាបើកលេងវិញបាន)…?
ពលរដ្ឋប្រាប់ថា ទីតាំងទទួលភ្នាល់បាល់អនឡាញខុសច្បាប់នោះ គឺស្ថិតនៅផ្ទះលេខ៧៧៨-៧៨០ តាមបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

យោងតាមមាត្រា៥ នៃច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។

មហាជនទូទៅ និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសងភ្នាល់បាល់ខាងលើ កំពុងរងចាំមើល ថាតើអាជ្ញាធរខណ្ឌចំការមន និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌ នឹងមានវិធានការយ៉ាងណាដែរ ចំពោះបនល្បែងស៊ីសងដ៏ធំមួយនេះ…?

សូមរំលឹកថា ទីតាំងអិនធឺណេតខាងលើ ដែលបង្កប់ល្បែងតាមអនឡាញ កំពុងបើកធ្វើអាជីវកម្មនេះ ធ្លាប់ត្រូវបានកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌចំការមន ចុះបង្ក្រាប ដោយលទ្ធផលរកឃើញថា ទីតាំងនេះបានបើកលេងល្បែងស៊ីសងតាមអ៉ីនធឺណេត ទើបក្រុមការងារ សម្រេចបិទទីតាំងនេះ មិនឲ្យដំណើរការវិញនោះទេ។

ប៉ុន្តែផ្ទុយទៅវិញ ស្រាប់តែគេឃើញទីតាំងនេះ កំពុងតែបើកដំណើរការលេងល្បែងស៊ីសងលើសដើម ដូច្នេះ ពលរដ្ឋស្នើដល់អាជ្ញាធរ នឹងសមត្ថកិច្ចខណ្ឌចំការមន ជួយមានវិធានការចុះទៅពិនិត្យនឹងបង្ក្រាបផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here