ភ្នំពេញ ៖ ទីតាំងអ៊ីនធើណេត២៤ម៉ោងផ្ទះលេខ៩៦ប្លុកផ្សារតាប៉ាង បង្កប់ល្បែងស៊ីសងភ្នាល់បាល់បើកលេងយ៉ាងរលូនមិនខ្វល់ពីការបង្ក្រាបរបស់សមត្ថកិច្ចសង្ស័យ…? បើទោះបីជាអនុសាស្រ្តរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគ្រប់ខេត្ត ក្រុង រាជធានី លុបបំបាត់រាល់ល្បែងស៊ីសងទាំងអស់ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ដោយ ។ប៉ុន្តែគេសង្កេតឃើញថាមួយរយៈពេលកន្លងមកនេះ ទីតាំងអ៊ីនធើណេត២៤ម៉ោង ជាច្រើនកន្លែងក្នុងខណ្ឌដូនពេញកំពុងតែរីកដុះដាល ដូច ផ្សិត ដែលបង្កប់ទៅ ដោយ ល្បែងស៊ីសងភ្នាល់បាល់ ។

ទីតាំងល្បែងស៊ីសងភ្នាល់បាល់នេះមានទីតាំងនៅផ្ទះលេខ៩៦ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយទីតាំងល្បែងស៊ីសងភ្នាល់បាល់នេះ កំពុងតែដំណើរការដោយរលូន មិនមានអាជ្ញាធរឫសមត្ថកិច្ចជំនាញណាបង្ក្រាបនោះទេ។

ជាការពិតណាស់! ការឲ្យកើតមានបទល្មើសល្បែងស៊ីសង ការចរាចរថ្នាំញៀន បញ្ហាអសន្តិ សុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កាន់តែមានលក្ខណ:រសើបបំផុត ងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានលើកឡើងថា ផ្ទះអ៊ីនធើណេត២៤ម៉ោងនេះ កំពុងបើកចំហរទ្វារទទួលភ្ញៀវញៀនល្បែងចូលលេង ទាំងយប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀត ដោយបើកលេងគគ្រឹកគគ្រេង មិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបឡើយ។

ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។

ប្រជាពលរដ្ឋស្នើសុំដល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ សូមមេត្តាមានវិធានការចុះពិនិត្យនិងបង្ក្រាបទីតាំងនេះផងព្រោះបទល្មើសកើតមានរាល់ថ្ងៃគឺកើតចេញពីល្បែងស៊ីសងទាំងនេះឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here