ភ្នំពេញ៖ រោងចក្រផលិតទឹកកកអនាម័យមួយកន្លែង យីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នៅក្នុងភូមិចំពុះក្អែក ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្លាយចេញឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កកទឹកឲ្យរឹងកក) សាយភាយមកខាងក្រៅ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ជាពិសេសអ្នកនៅក្រោមខ្យល់ ធ្វើឲ្យពិបាកដកដង្ហើម ទើបបងប្អូនអ្នកភូមិយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស អ្នកខ្លះយកក្រមាមកខ្ទប់ច្រមុះ ចេញមកឈរនៅមុខរោងចក្រទឹកកក ហើយនាំគ្នារាយការណ៍ប្រាប់សមត្ថិច្ចមូលដ្ឋានជួយអន្តរាគមន៍ និងចុះពិនិត្យមើលជាក់ស្តែង ។

បើតាមការអះអាងពីប្រជាពលរដ្ឋ ដែលរស់នៅក្បែររោងចក្រផលិតទឹកកកយីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នោះ បានប្រាប់ថា មុនពេលកើតហេតុ ពួកគាត់បានឃើញមានធ្លាយខ្យល់ឧស្ម័នពណ៌ស លាន់ឮជាសម្លេងខ្លាំងៗ ហើយបានសាយភាយចេញមកខាងក្រៅ ដែលជាឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កកទឹកឲ្យរឹងកក) ធ្វើឲ្យពួកគាត់ផ្សារភ្នែក និងឆ្លុលច្រមុះពិបាកដកដង្ហើម ទើបបងប្អូនអ្នកភូមិយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស ។ ស្របពេលនោះ ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ បាននាំគ្នាមកឈរនៅមុខរោងចក្រទឹកកក ទោះបីជាយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស អ្នកខ្លះយកក្រមាមកខ្ទប់ច្រមុះក៏ដោយ ក៏ចេញមករាយការណ៍ និងស្នើសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ព្រោះពួកគាត់ពិបាកដកដង្ហើមណាស់ ថប់ៗដង្ហើម និងផ្សារភ្នែកយ៉ាងខ្លាំង។

ដោយឡែកបើតាមការអះអាងពីកម្មកររោងចក្រនៅទីនោះ ក៏បានប្រាប់ឲ្យដឹងដែរថា មានការធ្លាយធុងឧស្ម័នអាម៉ូញាក់នោះពិតប្រាកដមែន ដែលជាវត្ថុធាតុដើម សម្រាប់បង្កកទឹកឲ្យរឹងកក ។ ប៉ុន្តែបន្តិចបន្តួចតែប៉ុណ្ណោះ ក្រោយពេលធ្លាយពួកគាត់ក៏រាយការណ៍ប្រាប់ម្ចាស់រោងចក្រ និងទូរស័ព្ទហៅជាងមកជួសជុលហើយ ដោយមានជាងមកដល់បានបំពាក់ឧបករណ៍ម៉ាសអុកស៊ីហ្សែន ដើម្បីចូលទៅពិនិត្យរកមើលមូលហេតុ បន្ទាប់មកត្រូវបានបិទជិតវិញហើយ នៅសល់តែចំហាយប៉ុណ្ណោះ។

សូមជម្រាបថា ឧស្ម័នអាម៉ូញ៉ាក់នេះ វាអាចប៉ះពាល់សុខភាពដូចជា ផ្សារភ្នែក ថប់ដង្ហើម ខ្សោយឆ្អឹងខ្នង និងសួត ថែមទៀតផង ទើបប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរចុះពិនិត្យទីតាំងរោងចក្រផលិតទឹកកកខាងលើនេះផង ។

ជុំវិញបញ្ហានេះដែរ មន្រ្តីជំនាញសាលាខណ្ឌច្បារអំពៅ បានប្រាប់អង្គភាព កាសែតនគរវត្ត និង អង្គភាពនគរដ្រេហ្គន នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះថា ករណីខាងលើនេះមិនបង្កឲ្យរាលដាលខ្លាំងនោះទេ ព្រោះនៅយប់កើតហេតុភ្លាមៗ មន្រ្តីជំនាញបានចុះដល់កន្លែងកើតហេតុ ត្រួតពុនិត្យជាក់ស្តែងមិនមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះឡើយ ។ មិនតែប៉ុណ្ណោះ មន្រ្តីជំនាញ ក៏បានណែនាំឲ្យម្ចាស់រោងចក្រកុំឲ្យមានការធ្វេសប្រហែសដូចនេះទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here