ភ្នំពេញ​៖ ពាក់ព័ន្ធនឹងលោក អ៊ុច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ពុករលួយ កេងលើកម្លាំងញើសឈាមបុគ្គលិក មន្ត្រីរាជការ យកប្រយោជន៍បំពេញតម្រូវការខ្លួនឯង ពីចំណូលច្រកចេញចូលតែមួយ ឈានដល់មន្ត្រីប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ ដោយ​ក្នុង​ពាក្យបណ្ដឹង​នោះ បាន​រៀបរាប់​ប្រាប់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា អភិបាល​ខេត្តតាកែវ មិន​បែងចែក​ភាគលាភ ដែល​បានមកពី​ការផ្ដល់សេវា នៃ​ច្រកចេញចូល​តែមួយ ដល់​បុគ្គលិក​នោះទេ ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់ ចំពោះ​មន្ត្រីរាជការ​មួយចំនួន​។​

ដោយឡែក អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី២០ ខែមីនា​ឆ្នាំ២០២០ បានចេញ​ផ្សព្វផ្សាយ លិខិត​មួយច្បាប់ ទាក់ទង​នឹង​ពាក្យបណ្ដឹង ចោទប្រកាន់​អភិបាល​ខេត្តតាកែវ ពាក់ព័ន្ធ​នឹង​ប្រាក់រង្វាន់ លើកទឹកចិត្ត ដល់​មន្ត្រីរាជការ ដែល​បម្រើ​ការងារ នៅ​ច្រកចេញចូល​តែមួយ ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា ពាក្យ​ប្ដឹង​នៅ​ថ្ងៃទី២៩ ខែមករា​ឆ្នាំ២០២០ បាន​រៀបរាប់ថា ចាប់តាំងពី​ពេល​ដំណើរការ រហូតមកដល់​បច្ចុប្បន្ន អង្គភាព​ច្រកចេញចូល​តែមួយ រដ្ឋបាល​ខេត្តតាកែវ បាន​ប្រមូល​ថ្លៃបង់​សេវា ប៉ុន្តែ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ មិនបាន​យកប្រាក់ ដែល​បានមក ពី​ការផ្ដល់សេវា​ទាំងនោះ មក​បែង​ចែកជា​ប្រាក់រង្វាន់ ដល់​មន្ត្រី​រដ្ឋបាលខេត្ត​តាកែវ ក្នុង​មួយខែ​ម្ដងៗ តាម​សេចក្តីសម្រេច របស់​ក្រសួងមហាផ្ទៃ ឬ​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នោះទេ​។ ការដែល​មិនបាន ចែក​ភាគលាភ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​មន្ត្រីរដ្ឋបាល​សាលាខេត្ត​ទាំងមូល និង​មន្ត្រីរដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្តតាកែវ​ផង​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ទៀតថា នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ ២០២០ លោក​អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​បំភ្លឺ​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយបាន​រៀបរាប់ថា អង្គភាព​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាលខេត្ត បាន​បើក​ឲ្យ​ដំណើរការ ចាប់តាំងពី​ថ្ងៃទី ២៣​ខែកក្កដា ឆ្នាំ ២០១៨ នឹង​បានទទួល ប្រាក់រង្វាន់​លើកទឹកចិត្ត ដែល​បានមកពី ការប្រើប្រាស់​សេវា​។​

អភិបាល​ខេត្តតាកែវ បាន​បញ្ជាក់ថា ការដែល​មិន បាន​បែងចែក ប្រាក់រង្វាន់​តាម​ខែ​នីមួយៗ តាម​គោលការណ៍​ណែនាំ របស់​ក្រសួងមហាផ្ទៃ ដោយសារ​ប្រាក់រង្វាន់ ដែលជា​ចំណែក​របស់ រដ្ឋបាលខេត្ត​ផ្ទាល់ ប្រចាំខែ​នីមួយៗ មាន​ចំនួន​តិចតួច មន្ទីរ​វិស័យ​មួយចំនួន បាន​បើក​ផ្ដល់ ឲ្យ​សាលាខេត្ត ក្នុង​មួយឆ្នាំ​ម្ដង និង​មាន​សំណូមពរ ពី​មន្ត្រី​ភាគច្រើន សូមឱ្យ​ធ្វើការ​បែងចែក ប្រាក់រង្វាន់​ជាប្រចាំ​ឆ្នាំ ទើប​រដ្ឋបាល​ខេត្តតាកែវ ធ្វើការ​រៀបចំ​បែងចែក ប្រាក់រង្វាន់​ជូន មន្ត្រី បុគ្គលិក​ម្នាក់ៗ ជាប្រចាំ​ឆ្នាំ​វិញ​។

មន្ត្រីរាជការបានលើកឡើងថា៖ ការបកស្រាយរបស់ លោក អ៊ុច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មិនសមហេតុផល ហើយខ្វៈការទទួលខុសត្រូវ ក្នុងនាមជាប្រធានអង្គភាព មេដឹកនាំ ខ្លួនពុករលួយ បំពានទៅនឹងសេចក្តីសម្រេច របស់​ក្រសួងមហាផ្ទៃ ឬ​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ ជាកំហុសធ្ងន់ធ្ងរបំផុត ។ មិនគួរប្រើពាក្យថា បើករង្វាន់លើកទឹកចិត្តក្នុង១ឆ្នាំម្តង តាមទំនើងចិត្តខ្លួនឯងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here