សមត្ថកិច្ចរកឃើញ គ្រឿងសម្អាងកូរ៉េខូចគុណភាព និងហួសសុពលភាព ជាង២០តោន ត្រូវបានរឹបអូសដើម្បីយកទៅកំទេចចោល

ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំបញ្ជារផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រួមជាមួយនឹងកម្លាំងចម្រុះអន្តរក្រសួងបានចុះបង្រ្កាបទីតាំងស្តុកនិងចែកចាយគ្រឿងសម្អាងកូរ៉េខូចគុណភាព និងហួសសុពលភាពនៅសង្កាត់ទំនប់ទឹកនិងបឹងកេងកង១បាន៥៧មុខស្មើនឹងជាង២០តោន។ សមត្ថកិច្ចក៏បានរកឃើញនូវម៉ាស៊ីនបោះពុម្ពសុពលភាពលើផលិតផលផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះពិនិត្យទីតាំងស្ដុក និងចែកចាយគ្រឿងសម្អាងពីរទីតាំង នៅផ្ទះលេខ G54 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្រោយធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានរកឃើញគ្រឿងសំអាងជាង ២០តោន ដែលខូចគុណភាព និងហួសដឺឡេ ហើយត្រូវបានរឹបអូស ដើម្បីទុកបំផ្លាញចោល។

ក្រោយត្រួតពិនិត្យរួច គណៈកម្មាការចម្រុះបានពិនិត្យឃើញថា៖ ផលិតផលគ្រឿងសម្អាងមានប្រវេទន៍ពីក្រសួងសុខាភិបាល មានចំនួន៤មុខ និងផលិតផលគ្រឿងសម្អាងផ្សេងទៀត គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ផលិតផលគ្រឿងសម្អាង ហួសកាលបរិច្ឆេទប្រើប្រាស់ លាយឡំជាមួយផលិតផលមានសុពលភាពប្រើប្រាស់ និងពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

បច្ចុប្បន្នទីតាំងទាំងពីរត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងធ្វើការបិទទីតាំងជាបណ្តោះអាសន្ន និងផលិតផលទាំងនោះនឹងត្រូវដកហូតទៅកម្ទេចចោល៕

Leave a Reply

Your email address will not be published. Required fields are marked *