ប៉េកាំង៖ ខណៈ COVID-19 កំពុងបន្តរាតត្បាតពាសពេញពិភពលោក សំនួរជាច្រើនត្រូវបានចោទសួរថា តើវីរុសបង្កជាជំងឺនេះមានប្រភពមកពីណា។ អ្នកខ្លះថាចិន ជាអ្នកបង្កើត ហើយខ្លះទៀតថាសហរដ្ឋអាមេរិកជាបង្កើត។ ប៉ុន្តែអ្វីដែលគេដឹង គឺទាំងសហរដ្ឋអាមេរិក និងចិន ព្រមទាំងពិភពលោក បានខាតបង់សេដ្ឋកិច្ចមិនតិចនោះទេ ដោយសារជំងឺដ៏កាចសាហាវមួយនេះ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថាន Scripps Research សហការជាមួយសាស្រា្តចារ្យមកពីសាកលវិទ្យាល័យ Tulane University, សាកលវិទ្យាល័យ University of Sydney, សាកលវិទ្យាល័យ University of Edinburgh និងសាកលវិទ្យាល័យ Columbia University បានយល់ឃើញថា វីរុស SARS-CoV-2 ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 មិនមែនត្រូវបានបង្កើតឡើងដោយចេតនា ក្នុងមន្ទីរពិសោធន៍ណាមួយនោះទេ។ ពួកគេធ្វើការសន្និដ្ឋានបែបនេះ ដោយផ្អែកលើលក្ខណៈពិសេសពីរនៃ SARS-CoV-2 ដែលអ្នកវិទ្យាសាស្រ្តហៅថា Spike Protein និង Backbone របស់វា។

ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ បានគូសបញ្ជាក់ថា លក្ខណៈ Spike Protein របស់វីរុស SARS-CoV-2 មានប្រសិទ្ធភាពខ្ពស់ប្លែក ក្នុងការអនុញ្ញាតឲ្យវីរុសនេះភ្ជាប់ខ្លួនវាជាមួយកោសិការបស់មនុស្សយើង ដែលរឿងបែបនេះអាចកើតឡើងបានលុះត្រាតែវាបាន វិវត្តន៍ខ្លួនតាមរយៈលក្ខខណ្ឌ ធម្មជាតិប៉ុណ្ណោះ ជាជាងតាមការពិសោធន៍ក្នុងមន្ទីរពិសោធន៍។

ភស្តុតាងមួយទៀតដែលក្រុមអ្នកវិទ្យាសាស្រ្តខាងលើសន្មត់ថា វីរុសនេះកើតឡើងដោយឯកឯងពីធម្មជាតិ គឺដោយសារ Backbone ដែលជាទម្រង់ម៉ូលេគុលជារួមរបស់វា។ លទ្ធផលសិក្សាវិភាគបានបង្ហាញថា Backbone របស់វីរុស SARS-CoV-2 ដែលបង្កជាជំងឺ COVID-19 មានលក្ខណៈខុសឆ្ងាយដាច់ពី Backbone នៃវីរុសកូរ៉ូណា ដែលយើងបានស្គាល់នាពេលកន្លងមក។ ប្រសិនបើវីរុសនេះ ត្រូវបានគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍មែននោះ Backbone របស់វីរុសកូរ៉ូណាមុនៗ ច្បាស់ជាត្រូវបានគេយកមកប្រើប្រាស់ ដែលជាហេតុនឹងធ្វើឲ្យមានលក្ខណៈស្រដៀងគ្នាណាមួយមិនខាន។ ទោះជាបែបនេះក្តី ក្រុមអ្នកវិទ្យាសាស្រ្តនៅពុំទាន់អាចកំណត់ ប្រភពច្បាស់លាស់តែម្តងនៃវីរុសនេះនៅឡើយទេ។

ការសិក្សាខាងលើ ចេញផ្សាយក្នុងថ្ងៃតែមួយ ដែលអ្នកនយោបាយលោកខាងលិចមួយចំនួន បានហៅ COVID-19 ថា វីរុសចិន ឬ Chinese virus។ ជាការឆ្លើយតប លោក Michael Ryan ជានាយកប្រតិបត្តិម្នាក់ នៃកម្មវិធីសង្រ្គោះបន្ទាន់សម្រាប់អង្គការសុខភាពពិភពលោក បាននិយាយថាវាពិតជាមានសារៈសំខាន់ណាស់ ចំពោះការប្រយ័ត្ន ប្រយែងក្នុងការប្រើប្រាស់ពាក្យសម្ដី ព្រោះពេលនេះជាពេលត្រូវរួបរួមប្រយុទ្ធនឹង COVID-19 ជាមួយគ្នា៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ (ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here