ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាលកម្ពុជា​នៅ​ព្រឹក​នេះ បាន​​លើក​សរសើរ ឧកញ៉ា​វ័យក្មេង​ ឡេង​ ណាវ៉ាត្រា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​រាជ​រដ្ឋាភិបាល​៦០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ព្រម​ទាំង​ យក​អំណោយ​អង្ករ​៥០​តោន ហើយ​​ថែម​ដឹក​នាំ កំពូល​​តារា​ចម្រៀង​​ល្បីៗ ដូច​ជា ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា អ៊ុក សុវណ្ណារី​ជា​ដើម​ចុះ​​ចែក​អំណោយ​ដោយ​ផ្ទាល់ នៅ​ខេត្ត​បន្ទាយ​មានជ័យ។

សម្ដេច​អគ្គ​មហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើក​ឡើង​ថា ” ការ​ពិត​លោក​ឧកញ៉ា​ឡេង ណាវ៉ាត្រា បាន​ធ្វើ​​ដំណើរ​ត្រឡប់​វិញ​ហើយ​ដោយ​សម្រាក​នៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​នាំ​ក្រុម​តារា ​មក​ចែក​អំណោយ​ជូន​ពលរដ្ឋ ប៉ុន្តែ​​សម្ដេច​បាន​បបួល មក​ចូល​រួម​កម្មវិធី​​​ចែក​អំណោយ​​នេះ។ “គេ​ជួយ​៦០​ម៉ឺន​ដុល្លារ ឧកញ៉ា​វ័យ​​ក្មេង​រូប​នេះ ​​ជួយ​​ដល់​៦០ម៉ឺន​ដុល្លារ​ឯ​ណោះ រួច​គេ​ដឹក​អង្ករ​៥០​តោន មក​ចែក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ទៀត ចឹង​ហើយ​គេ​ត្រឡប់​ទៅ​ដល់​សៀម​រាប​ក៏​ហៅ​មក​ជា​មួយ​ទៅ”។ ការ​លើក​សរសើរ​បែប​នេះ គ្រា​ដែល​សម្ដេច​តេ​ជោ​អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ១ម៉ឺន​គ្រួសារ ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ នៅ​ស្រុក​មង្គលបូរី ខេត្ត បន្ទាយមានជ័យ នា​ព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០នេះ។

ទទឹម​គ្នា​នោះ​ដែរ សម្ដេច​ក៏​បាន​ថ្លែង​អំណរ​គុណ​​ដល់​សប្បុរសជន​ទាំង​អស់​​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​រាជ​រដ្ឋាភិបាល បើ​គិតត្រឹមម៉ោង 11:29 នាទីព្រឹក ថ្ងៃទី២០ តុលា ២០២០​នេះ​ថវិកា​ទទួលបាន 7,170,549 ដុល្លារ , 627,025,000 រៀល, ៥.០០០€ (ប្រាំ​ពាន់អឺរ៉ូ)​ និង​អង្ករ​ ១០០តោន ។ ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​រូប បានចូលរួមបរិច្ចាគថវិកា គេឃើញថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគ ថវិកាជូន៦០ម៉ឺនដុល្លារ ដែលជាចំនួន ដ៏ច្រើនជាងគេ។

សូម​បញ្ជាក់ផងដែរថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា កាល​ពី​ម្សិល​មិញ​នេះ បាន​ដឹកនាំ ​តារាចម្រៀងរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ជាច្រើនដួង បានបង្ហាញវត្តមាន ជាមួយប្រជា​ពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ ក្នុងមាន លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង កញ្ញា អ៊ុក សុវណ្ណារី ដែលដឹកនាំដោយ លោក​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមជាមួយអំណោយជាអង្ករ ចំនួន៥០តោន និងគ្រឿងឧបភោប ជាច្រើន ថែម​ទៀត​ផង ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងទទួលរងគ្រោះ។ ​សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​មហាជន កោតសរសើរ​​នៅ​ទឹក​ចិត្ត​មនុស្សធម៌​នេះ​ជា​ខ្លាំង ពិសេស​នោះ គឺ​សម្ដេច​តែ​ម្ដង បាន​លើក​សរសើរ​ចំពោះ​មុខ​តែ​ម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here