ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ បានកើតឡើងកាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៧៣កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កងឡើងដោយ រថយន្ត ឡុចស៊ីស មួយគ្រឿង បើកបុកម៉ូតូហើយថែមទាំង ថយកិនយុវជនម្នាក់ បណ្តាលអោយបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនីមន្ទីរពេទ្យ។ ក្រោយបង្កហេតុ សមត្ថកិច្ចបានស្រាវជ្រាវ ឃាត់ខ្លួនជនបង្កបានហើយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ។

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកចរាចរណ៍ បានអោយដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ ថា ជនបង្កឈ្មោះ យ៉ាន់ ណាលីណា អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ភ្នំពេញ។

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បន្តថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនជនបង្ក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

តាមរយៈវីដេអូដែលបានចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជបង្កពិតជាមានចរិកសាហាវឃោឃៅព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹង ហើយ ជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ សកម្មភាពដ៏សាហាវនេះ ធ្វើអោយមហាជន ជាច្រើនមានការខឹងសម្បារ ចំពោះជនបង្ក ដែលប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបែបនេះ មហាជនក៏សង្ឃឹមដែរថា តុលាការនឹងផ្តន្ទាទោសទៅតាមច្បាប់អោយបានធ្ងន់ធ្ងរបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here