គូឡាឡាំពួរ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះថា អាជ្ញាធរម៉ាឡេស៊ី បានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសនេះបានកើនឡើងដល់ ១,០៣០ករណីហើយ ដែលជាតួលេខខ្ពស់ជាងគេបំផុតប្រចាំតំបន់អាស៊ាន ខណៈករណីឆ្លងថ្មីៗ ៤៨ករណីទៀត ទើបត្រូវបានរកឃើញ។

ប្រភពពីមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា ការឆ្លងបានកើនឡើងយ៉ាងគំហុកបែបនេះ ក៏ព្រោះតែអាជ្ញាធរសុខាភិបាលបានធ្វើតេស្តជាបន្តបន្ទាប់ ទៅលើអ្នកដែលមានជាប់ពាក់ព័ន្ធ ទៅនឹងការជួបជុំបែបសាសនាដ៏ធំមួយ ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្នុងចំណោម ១,០៣០ករណីនៃការឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី អ្នកជំងឺសរុប ៨៧នាក់បានជាសះស្បើយ និង ០២នាក់ស្លាប់។ ជុំវិញស្ថានការណ៍នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៍យីដឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) បានណែនាំថា «វីរុសនេះ (COVID-19) គ្មានស្គាល់ព្រំដែន ពូជសាសន៍ សាសនា និងទ្រព្យសម្បត្តិអ្នកនោះឡើយ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here