ភ្នំពេញ៖ ដោយសារជម្ងឺកូវីដ ១៩ កំពុងអង្រួនពិភពលោកធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះជាបន្ដបន្ទាប់នោះ ប្រជាជនទូទៅបានជួបវិប្បត្តិសេដ្ឋកិច្ចគ្រួសារជាពិសេសអ្នកមានចំណូលទាប ជាហេតុធ្វើឲ្យតារាច្រៀងនិងកំប្លែងខ្មែរមួយចំនួនតូចក៏បាននាំគ្នាត្អូញត្អែពីការបាត់បង់ចំណូលដែរបន្ទាប់ប្រមុខរាជរដ្ឋាភិបាលបិទការជួបជុំក៏ដូចជាការប្រគំតន្ដ្រីតាមទីសាធារណៈផ្សេងៗនោះ ។

ឆ្លើយតបទៅនឹងការត្អូញត្អែរបស់តារាទាំងនោះ មហាជនជាច្រើនបានសម្ដែងការរិះគន់ខ្លាំងៗទៅកាន់តារាចម្រៀង និងតារាកំប្លែងមួយចំនួននោះ ដោយលើកហេតុផលថាតារាស្រុកខ្មែរត្អូញត្អែពីការបាត់ចំណូល ស្របពេលតារានៅកូរ៉េគេបញ្ចេញប្រាក់ដើម្បីជួយដល់អ្នកជម្ងឺ ពាក់ព័ន្ធទៅនឹងជម្ងឺកូវីដ ១៩នេះ ពោលគឺផ្ទុយគ្នាស្រឡាះតែម្ដង។

ការបាត់បង់ប្រាក់ចំណូលរបស់ប្រជាជននៅទូទាំងពិភពលោកបានក្លាយជាចំណុច មួយដែលកំពុងតែមានការព្រួយបារម្ភ ស្របពេលដែលជំងឺ Covid-19 បាននឹងកំពុងគំរាមកំហែងទៅលើគ្រប់វិស័យរបស់បណ្តាប្រទេសជាច្រើននៅលើសាកលលោក។ នៅកម្ពុជាមានពលរដ្ឋជាច្រើនបានបង្ហាញក្តីបារម្ភព្រោះតែបញ្ហាជីវភាពកាន់តែប្រឈមពិសេសសម្រាប់អ្នកមានចំណូលទាប និងមធ្យម ខណៈក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន ដែលពួកគេធ្វើការត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។

រាជរដ្ឋាភិបាលបានសម្រេចបិទជាបណ្តោះអាសន្នផងដែរនូវទីកន្លែងជួបប្រមូលផ្តុំគ្នាច្រើនៗ ក្នុងនោះមានទាំងខារ៉ាអូខេ និងព្រឹត្តិការណ៍ប្រគំតន្ត្រីនានា ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19។ ការបិទការប្រគំតន្ត្រីបានធ្វើឲ្យមានការត្អូញត្អែពីសំណាក់តារាចម្រៀង តារាកំប្លែងប្រុសស្រីល្បីឈ្មោះមួយចំនួន ថាពួកគេបានបាត់បង់ប្រាក់ចំណូល។ មានទស្សនិកជនជាច្រើនបានថ្លែងសាររិះគន់ទៅលើសិល្បករល្បីឈ្មោះទាំងនោះថា មិនគួរត្អូញត្អែ នឹងការបាត់ចំណូលពីការផ្អាកការប្រគំតន្ត្រីនោះទេ គួរតែជាការជួយលើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះមួយនេះវិញល្អជាង។

មានការលើកឡើងដែរថា សិល្បករល្បីៗដែលបានត្អូញត្អែមិនមានច្រើននោះទេ ដូចជានាយពែកមី និងនាយចឺមជាដើម ហើយពួកគេទទួលបានប្រាក់ចំណូលរាប់ពាន់ដុល្លារក្នុងការឡើងឆាកមួយពេលៗគឺស្ទើតែស្មើនឹងចំណូល១ឆ្នាំនៃអ្នកធ្វើការផ្នែកបម្រើសេវាកម្មនៅហាងមួយចំនួន។ ក្រៅតែពីមានការប្រដូចទៅនឹងតារានៅក្រៅស្រុក ក៏មានការលើកឡើងថាគួរបង្កើតស្នាដៃសិល្បៈរបស់ខ្លួនថ្មីបន្ថែមដើម្បីអប់រំទៅដល់ប្រជានជដើម្បីឲ្យពួកគាត់យល់ដឹងបន្ថែម។ អ្នករិះគន់ខ្លះលើកឡើងថា ការបញ្ចេញសារត្អូញត្អែរបស់សិល្បករប៉ុន្មាននាក់នោះក៏អាចនាំឲ្យមានការវាយតម្លៃ និងរិះគន់សិល្បករខ្មែរពេញមួយប្រទេសដែរ។

គួរបញ្ជាក់ដែរថា សាររិះគន់លើសិល្បកររឿងបាត់ប្រាក់ចំណូលព្រោះជំងឺ Covid-19 បានធ្វើឡើងក្រោយពីតារាកំប្លែងល្បីឈ្មោះនាយពែកមី បញ្ចេញសារខ្លីលើហ្វេសប៊ុករបស់ខ្លួនថា” កម្មវិធីខនសឺតត្រូវបានលប់ចោលអស់ហើយ តោះយើងទៅស្រុកជីកក្តាម”។ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែមីនា នេះ កម្ពុជា មានករណីឆ្លងវីរុសCOVID-19 ចំនួន៤៧នាក់ហើយ ក្នុងនោះខ្មែរ២៨នាក់ ម៉ាឡេស៊ី១១នាក់ អង់គ្លេស៣នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ បារាំង២នាក់(ទារក១នាក់) និងចិន១នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here