ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង មាស សុខសោភា បានបង្ហោះសារលើកទឹកចិត្ត ដល់បងប្អូនខ្មែរឥស្លាម ក្នុងកាលៈទេសៈកូវីដ១៩ កំពុងតែរាតត្បាតនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងគ្នានេះ ក៏មានបងប្អូនខ្មែរឥស្លាមមួយចំនួន កំពុងទទួលរងឆ្លងនូវកូវីដ១៩ ហើយក៏មានបុគ្គលមួយចំនួនតូច មានការរើសអើង ដល់ជនជាតិឥស្លាមថែមទៀតផង។

ក្រោយឃើញបែបនេះ តារាចម្រៀង មាស សុខសោភា បានបញ្ចេញមតិមួយចំនួន ដើម្បីលើកទឹកចិត្ត និងសូមសំណូមពរឲ្យបងប្អូនខ្មែរឥស្លាម ជាពិសេសនោះ គឺអ្នកដែលត្រឡប់មកពីពិធីបុណ្យសាសនានៅម៉ាឡស៊ី គឺចូលរួមសហការជាមួយនឹង​គ្រូពេទ្យជំនាញ ដើម្បីបង្កា​ចំពោះការរីករាលដាលកាន់តែខ្លាំង នៃវីរុសកូវីដ១៩។

យោងតាមគណនីហ្វេសប៊ុក របស់តារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា បានរៀបរាប់ថា «ពិភពលោកតែមួយ ផ្ទៃមេឃតែមួយ នេះជាពេលវេលាមួយដែលយើង ត្រូវការកំលាំងចិត្តពីគ្នាទៅវិញទៅមក ដើម្បីឆ្លងដំណាក់កាលដ៏អាក្រក់នេះ។

នាងខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានឃើញ ព័ត៌មានទាក់ទងទៅនឹងបងប្អូនខ្មែរ ឥស្លាមដែលកំពុងរងគ្រោះ ដោយសារ Covid-19 ហើយនាងខ្ញុំជឿជាក់ថា អ្វីដែលពួកគាត់ត្រូវការនៅពេលនេះ គឺកំលាំងចិត្តមិនមែនជាការស្តីបន្ទោស ឬការរើសអើងនោះទេ»។ ជាមួយគ្នានេះ អ្នកនាង មាស សុខសោភា មានការសំណូមពរដល់បងប្អូន ចូលរួមជាកំលាំងចិត្តដល់បងប្អូន ដែលរងគ្រោះទាំងអស់ ជាពិសេសបងប្អូនខ្មែរឥស្លាម សូមបងប្អូនសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរ ដើម្បីបញ្ចប់ការរីករាលដាលនេះ​។

សូមបញ្ជាក់ថា គិតមកដល់​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញ​ អ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ៤៧នាក់ហើយ ជាមួយគ្នានេះតាមបណ្ដាក្រសួងរដ្ឋនានា បានចេញនូវវិធានការជាបន្ទាន់ ដើម្បីចូលរួមទប់ស្កាត់ ការចម្លងវីរុសនេះ ឲ្យមានប្រសិទ្ធភាព ក្នុងស្មារតីខ្ពស់ទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here