ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជាអ្នករត់ឡំប្រឺតា បានដឹកភ្ញៀវម្នាក់ស្មានតែស្រីស្អាតក៏លង់ស្នេហ៍នាងរហូតឲ្យខ្ចីលុយចំនួន៥៥ដុល្លារ ដើម្បីយកទៅលោះទូរស័ព្ទនៅកន្លែងបញ្ជាំ ក្រោយមកទើបបែបធ្លាយថាជាមនុស្សខ្ទើយ (បុរសតែងខ្លួនជាស្រី) ក៏បង្ខំឲ្យសងប្រាក់វិញ តែនាងគ្មានលិទ្ធភាពសងនាំប្រពន្ធមកឈ្លោះប្រកែកគ្នាផ្អើល សមត្ថកិច្ចចុះទៅជួយសម្របសម្រួលទាំងព្រឹក ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅផ្សារធំទួលសង្កែហៅផ្សារសាំហាន់ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលជាអ្នករត់ឡំប្រឺតាខាងលើនេះ មិនបញ្ជាក់ពីអត្ថសញ្ញាណនោះទេ មានវ័យជាង៤០ឆ្នាំ ។ ចំណែកនារីភេទទីបីខាងលើ ក៏មិនបញ្ជាក់ពីអត្តសញ្ញាណនោះដែរ គ្រាន់តែមានអ្នកអះអាងថា (ប្រុសកែភេទជាស្រី) ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គឺនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ គេឃើញស្រីស្រស់ភេទទី៣ម្នាក់នេះ បានហៅឡំប្រឺតាបុរសខាងលើនេះ ជិះពីចំណុចផ្សារទួលសង្កែក្នុងគោលបំណងទៅវត្តទួលអស់លោក ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីលោះទូរស័ព្ទដៃរបស់ខ្លួនដែលបានដាក់បញ្ជាំកន្លងមក ។ ខណៈនោះទំនងជាអ្នករត់ឡំប្រឺតា បានលង់ស្នេហ៍នឹងនាង ក៏និយាយគ្នាត្រូវហើយបានឲ្យនាងប្រាក់ខ្ចីចំនួន៥៥ដុល្លារ ដើម្បីលោះទូរស័ព្ទមួយគ្រឿង បន្ទាប់ពីនាងបានប្រាក់ហើយក៏ប្រាប់ទៅបុរសជាអ្នករត់ឡំប្រឺតានោះថា ចាំយកទូរស័ព្ទទៅបញ្ចាំកន្លែងផ្សេងក្រែងបានលើសនេះ ។

ពេលលោះទូរស័ព្ទបានហើយ នាងក៏ឲ្យឌុបបន្តទៅផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់វិញ ដើម្បីយកទូរស័ព្ទទៅបញ្ចាំ ដោយទារម្ចាស់កុងស៊ីចំនួន៧០ដុល្លារ ដើម្បីយកសងអ្នករត់ឡំប្រឺតា៥៥ដុល្លារ និងសល់លុយខ្លះ ។ ប៉ុន្តែម្ចាស់កុងស៊ីឲ្យតែ៥០ដុល្លារ ហើយនាងមិនព្រមបញ្ចាំទេ ព្រោះអត់មានលុយសល់ រួចចេះតែពន្យារពេលរហូត ទើបកើតមានទំនាស់គ្នាបែកផ្សែងតែម្តង ។ ភ្លាមនោះមួយសសន្ទុះក្រោយមកគេឃើញប្រពន្ធអ្នករត់ឡំប្រឺតា មកដល់កន្លែងកើតហេតុជួយនិយាយ និងឈ្លោះគ្នាកាន់តែខ្លាំងឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយសម្របសម្រួលផងដែរ ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលនោះ សមត្ថកិច្ចមូលដ្ឋានបានហៅភាគីទាំង២ ទៅសម្របសម្រួលគ្នាទៅទីស្នាក់ការប្រជាការពារ ក៏មិនត្រូវរ៉ូវគ្នា ទើបក្រុមអ្នកសារព័ត៌មានចុះទៅឡាយផ្ទាល់ ក៏មានសប្បុរសជនម្នាក់ បានចេញលុយចំនួន៥៥ដុល្លារ សងអ្នករត់ឡំប្រឺតាវិញ ក៏បញ្ចប់រឿងតែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here