ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថាប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំកងទ័ពជើងគោក តែងបានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនកងទ័ព ដោយពីមួយជំនាន់ទៅមួយជំនាន់ តែងបានខិតខំពង្រឹងការងារធានាផ្គត់ផ្គង់ឱ្យបានកាន់តែល្អប្រសើរ ហើយចំពោះមុខនេះ កំពុងជំរុញធ្វើយ៉ាងណាឱ្យពលទាហានថ្មី ដែលមានស្មារតី និងឆន្ទៈនៅក្នុងការបម្រើជាតិមាតុភូមិ ទទួលបាននូវការហ្វឹកហ្វឺនបំពាក់បំប៉នជំនាញគ្រប់គ្រាន់ និងការផ្គត់ផ្គង់ធានាគ្រប់គ្រាន់។ ដូច្នេះ សូមពលទាហានថ្មីទាំងអស់ត្រូវខិតខំបង្កើនស្មារតីតស៊ូហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងទឹកចិត្តឱ្យកាន់តែរឹងមាំ ឱ្យស័ក្តិសមនឹងការបង្កលក្ខណៈលើកទឹកចិត្តឧបត្ថម្ភទំនុកបម្រុងរបស់ថ្នាក់ដឹកនាំ។

ការថ្លែងនេះក្នុងពិធីជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកងឯកភាពហ្វឹកហ្វឺន កងពលធំអន្តរាគមន៍លេខ២ (ខេត្តសៀមរាប) និងនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ (ខេត្តបាត់ដំបង), កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

លោកហ៊ុន ម៉ាណែត ក៏បានកោតសរសើរសិក្ខាកាមពលទាហានថ្មី ដែលបានខិតខំហ្វឹកហ្វឺន ហើយតស៊ូលត់ដំមកដល់ពេលនេះ បន្ទាប់ពីការផ្ទេរជីវភាពពីជនស៊ីវិល ចូលមករស់នៅក្នុងជីវិតជាកងទ័ព។ នេះក៏ដោយសារយើងម្នាក់ៗមានឆន្ទៈស្ម័គ្រចិត្តមោះមុត បូកផ្សំនឹងការលើកទឹកចិត្តរបស់ក្រុមគ្រួសារញាតិមិត្ត ហើយក៏បញ្ជាក់បានអំពីការយល់ដឹងអំពីតម្លៃនៃឱកាសដែលទទួលបាន ក៏ដូចជាភាពជោគជ័យទៅមុខមួយជំហានទៀត ដែលជាមោទនភាពរបស់ឳពុកម្តាយ ព្រោះថាជាឱកាសដែលបានមកដោយមិនងាយស្រួលឡើយ គឺត្រូវឆ្លងកាត់ការជ្រើសរើសសំរិតសម្រាំងវាយតម្លៃរបស់គណៈកម្មការ ដោយផ្អែកលើលក្ខណៈសម្បត្តិជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here