ភ្នំពេញ ៖ ដើម្បីអនុវត្តន៍ច្បាប់ចរាចរ និងបង្ក្រាបទប់ស្កាត់ក្រុមក្មេងទំនើងដែលប្រើប្រាស់ម៉ូតូធំតូច កែច្នៃបំពង់ស៊ីម៉ាំងលាន់ឮខ្លាំងៗ តែងតែបង្កសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងកម្លាំងនគរបាលខណ្ឌដូនពេញ បានដាក់គោលដៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ម៉ូតូបានចំនួន១៦គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ។

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើង ចាប់ពីម៉ោង៧យប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០២០  រហូតដល់ម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនក្នុងទឹកដីខណ្ឌដូនពេញ ។ 

មន្រ្តីដដែលបន្តថា ការបង្រ្កាបក្រុមក្មេងទំនើង និងអ្នកប្រេីប្រាស់ម៉ូតូធំតូច ដែលកែច្នៃបំពង់ស៊ីម៉ាំងសម្លេងលឺខ្លាំងខាងលេីនេះ ព្រោះតែពួកគេធ្វេីឲ្យប៉ះពាល់ដល់សណ្តាប់ធ្លាប់ សាធារណៈជន ជាពិសេសគឺរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែកកំពុងតែដេកលង់លក់ ។ ជាក់ស្តែងជាលទ្ធផលសមត្ថកិច្ចឃាត់បានម៉ូតូធំតូចចំនួន១៦គ្រឿង ។

បច្ចុប្បន្ន ចំពោះករណីខាងលើនេះ សមត្ថកិច្ចគ្រាន់តែយកមកធ្វើការអប់រំ ឲ្យម្ចាស់ម៉ូតូគ្រប់ជាតិសាសន៍ធ្វើកិច្ចសន្យា និងផ្លាស់ប្តូរពីបំពង់ស៊ីមាំងប្រែនៗ ទៅបំពងស៊ីមាំងប្រក្រតីឡើងវិញប៉ុណ្ណោះ ។ ចំណែកទិសដៅកម្លាំងជំនាញ និងប៉ុស្តិ៏រដ្ឋបាលទាំង១១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បន្តបង្រ្កាបនិង អនុវត្តន៍ជាប្រចាំថ្ងៃថែមទៀត ដើម្បីកាត់បន្ថយឲ្យបានកាន់តែល្អប្រសើរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here