ភ្នំពេញ៖ ជនដៃដល់ម្នាក់ ដែលប្រើកាំបិតចាក់ទៅលើសន្តិសុខម្នាក់ យាមនៅធនាគារភ្នំពេញ ពាណិជ្ជ PPC Bank បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ស្រាវជ្រាវតាមចាប់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ

គួររំលឹកថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចធនាគារភ្នំពេញ ពាណិជ្ជ PPC Bank ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

សពមានឈ្មោះ ប៊ុន សុខចំរើន ភេទប្រុស អាយុជាង៤០ឆ្នាំ មានមុខរបរសន្ដិសុខឯកជន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យមានប្រពន្ធនិងកូនៗចំនួន៦នាក់

ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ដោយពុំទាន់អាចបញ្ជាក់ពីដំណើររឿងលម្អិត បាននៅឡើយទេ  ព្រោះសមត្ថកិច្ចកំពុងធ្វើការសាកសួរ រកមូលហេតុនៃការសម្លាប់មនុស្សខាងលើនេះ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានអោយដឹងថា  ជនរងគ្រោះគឺជាសន្តិសុខឯកជន ដែលមកធ្វើការនៅធនាគារនៅកន្លែងកើតហេតុទើបតែបានជាង១ខែ និង តែងតែឃើញមានមិត្តភក្តិ ឧស្សាហ៍មកលេង និងផឹកស៊ី ដល់យប់ជ្រៅ លុះមកដល់ព្រឹកកើតហេតុ ក៏ស្រាប់តែផ្អើលឆោឡោឡើង នៅខាងមុខធនាគារ និង បានឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ថែមទាំងមានស្នាមកាំបិតចាក់ចំដើមទ្រូងតែម្តង

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចផ្នែកកោសល្យវិច័យ បានយកសពទៅធ្វើកោសល្យវិច័យនៅវត្តស្ទឹងមានជ័យនិងប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី

 

LEAVE A REPLY

Please enter your comment!
Please enter your name here