ភ្នំពេញ ៖ ដោយ អនុវត្តន៍តាមប្រសាសន៍ដឹកនាំផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃ គណៈ អភិបាលខណ្ឌ ដូនពេញ បាន ដឹកនាំ ក្រុមការងារចម្រុះខណ្ឌ ចុះផ្អាកការ ដ្ឋានសាងសង់ របស់គម្រោងសាងសង់ការិយាល័យកណ្តាល BRCM headquarter នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ២០០ ភូមិ០៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានធ្វេសប្រហែសបណ្តាលឲ្យកម្មករគ្រោះថ្នាក់ ស្លាប់ម្នាក់ និងរបួសធ្ងន់ ម្នាក់។

ក្រុមការងារ បានសម្រេច ដូចខាងក្រោម :១ – ផ្អាក ការដ្ឋាន សាងសង់ ជា បណ្ដោះអាសន្ន ។ ២ – ម្ចាស់ ការដ្ឋាន ត្រូវ ដោះស្រាយ សំណង រដ្ឋប្បវេណី ដល់ គ្រួសារ សព និង គ្រួសារ អ្នករងរបួស ធ្ងន់ ឲ្យ បាន ចប់សព្វគ្រប់ ជាមុនសិន ។ ៣ – មិន អនុញ្ញាត ឲ្យ ក្រុម ជាង និង កម្មករ ស្នាក់ នៅក្នុង ការដ្ឋាន ក្នុងអំឡុងពេល ផ្អាក ការសាងសង់ បណ្តោះអាសន្ន នេះឡើយ ។ ៤ – ត្រូវ រៀបចំ ប្រព័ន្ធ សុវត្ថិភាព ការដ្ឋាន ឡើងវិញ ឲ្យ បាន ត្រឹមត្រូវ ។ ៥ – បន្ទាប់ពី ម្ចាស់ ការដ្ឋាន បាន អនុវត្តតាម ចំណុច ទី ១ ទី ២ ទី ៣ និង ទី ៤ ខាងលើ បាន ចប់សព្វគ្រប់ ហើយ ម្ចាស់ ការដ្ឋាន សំណង់ ត្រូវដាក់ ពាក្យស្នើសុំ បើក ការដ្ឋាន ឡើងវិញ ពី រដ្ឋបាល ខណ្ឌដូនពេញ ។

សូមរំលឹកថា ៖ បុរស២នាក់ដែលជិះជណ្តើរយន្តនៅក្នុងការដ្ឋានអាគារកំពុងសាងសង់អតីតៈហាងម្ហូបចិនតាយតាយបណ្ដាលឲ្យបុរសម្នាក់បានស្លាប់នឹងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១ព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២០នៅទីតាំងផ្លូវមុនីវង្សកែងផ្លូវលេខលេខ២០០បក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ទៀតថាជនរងគ្រោះពីរនាក់ដែលស្លាប់មានឈ្មោះ វេហា ហៅ ម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ អាស័យដ្ឋាន នៅភូមិ ព្រៃស្វាយ សង្កាត់ ពន់សាំង ខណ្ឌព្រែកព្នៅ ទី២ឈ្មោះ រ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ (របួសធ្ងន់) អាស័យដ្ឋាន ភូមិ ព្រៃស្វាយ សង្កាត់ ពង្សសាំង ខណ្ឌព្រែកព្នៅ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីគេឮសំឡេងលាន់សូរតែឃ្តូងចេញពីក្នុងការដ្ឋានសំណង់កំពុងសាងសង់ដែលមានកម្ពស់ជាង 10ជាន់ ភ្លាមៗនោះដែរក៏ឮសូរសម្រែកថាជួយផងៗទើបគេនាំគ្នារត់ទៅមើលទើបដឹងថាមានមនុស្សធ្លាក់នៅក្នុងជណ្ដើរយន្តពីជាន់លើបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ប្រភពព័ត៌មានបានបន្តទៀតថាបន្ទាប់ពីមានហេតុការណ៍នោះកើតឡើងភ្លាមៗអាជ្ញាធរមូលដ្ឋាន និងលោកសុខពេញវុធអភិបាលខណ្ឌដូនពេញ ចុះមកដល់ទីតាំងកើតហេតុចាត់ចែងឲ្យមន្ត្រីជំនាញធ្វើរបាយការណ៍ហៅមេការសំណង់រួមទាំងម្ចាស់ការដ្ឋានដើម្បីធ្វើកំណត់ហេតុ និងផ្អាកការសាងសង់ជាបណ្ដោះអាសន្នផងដែរ។ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់នោះត្រូវបានអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចហៅរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជាបន្ទាន់។

បន្ទាប់ពីកើតហេតុអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកសពត្រូវបានកម្លាំងជំនាញបង្កើតគណៈកម្មការចំរុះពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here