ភ្នំពេញ ៖ ទូរហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ 30E០ ផ្លូវ 141 សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលជ្រកក្រោមស្លាកយីហោ «ភ្នំពេញ ជាំងណាន» កំពុងតែបើកដំណើរការយ៉ាងរលូន និងអាណាធិបតេយ្យ បើទោះជាផ្ទុយពីលក្ខណៈសម្បត្តិរបស់គោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព ក្នុងចំណុចទី៥ ដែលមហាប្រាមមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។
កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បានប្រកាសឱ្យបោសសម្អាតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសហ្គេមបាញ់ត្រី ត្រូវតែបំបាត់ឱ្យអស់ចេញក្រុង ។

តែបើតាមការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះទៅផ្ទាល់ពីសហការីអង្គភាពសារព័ត៌មានបានឱ្យដឹងថា ទីតាំងទូរហ្គេមខុសច្បាប់ខាងលើនេះ មិនមានការខ្លាចញញើតនឹងអាជ្ញាធរ ឬមានការញញើត នឹងប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង ឡើយ ហើយក៏មិនមានការលាក់បាំងខ្លាំងខ្លាអ្វីនោះដែរ ដោយទូរហ្គេមទាំងនោះបានតម្រាបនៅជាន់ផ្ទាល់ដីតែម្ដង។

ហើយមួយថ្ងៃៗមានអ្នកញៀនល្បែងជាច្រើនបានចូលទៅលេង ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនជាតិចិន ។ តើករណីនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពិតជាមិនបានដឹង ឬ គ្រាន់តែធ្វើជាមិនដឹង ដើម្បីទទួលលាភពីម្ចាស់អាជីវកម្មខុសច្បាប់មួយនេះ? ។

ប្រជាពលរដ្ឋបានសុំណូមពរដល់លោក លីម សុភា អភិបាលខណ្ឌ៧មករា មេត្តាជួយពិនិត្យមើលផង ព្រោះទីតាំងល្បែងខុសច្បាប់ស្ទើរតែបើកជំហរទាំងស្រុងទៅហើយ តែបែរជាមិនឃើញមានវិធានការ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here