ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិចកំពុងពិចារណាក្នុងការរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ និងកំពុងពិចារណាផងដែរចំពោះការអនុញ្ញាតិឲ្យអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប ដែលស្នើរសុំចូលមកគណបក្សនេះវិញ ក្នុងទិសដៅពង្រឹងសាមគ្គីផ្ទៃក្នុង ដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមាន ដើម្បីឈានទៅដល់ការរកសំឡេងឆ្នោតឡើងវិញក្នុងឱកាសបោះឆ្នោតសកលនាឆ្នាំ២០២៣នោះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០នេះបន្ទាប់ពីចូលរួមកិច្ចប្រជុំកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ស្ដីពីផែនការសកម្មភាពគណបក្សហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ អនុប្រធានគណបក្សហ្វុនស៊ិនប៉ិច បានលើកឡើងថា គណបក្សហ្វ៊ុនស៊ិនប៉ិចកំពុងពង្រឹងសាមគ្គីផ្ទៃក្នុងរបស់ខ្លួន ដោយពង្រឹងសមាជិក សមាជិការបស់ខ្លួនទាំងអស់ ដើម្បីមានគោលជំហររឹងមាំ និងមានយុទ្ធសាស្ត្រផ្សេងៗក្នុងការដឹកនាំ ព្រមទាំងពង្រីកវិសាលភាពប្រជាប្រិយភាពរបស់ខ្លួនទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសតំបន់ ។

មានបន្ទួលនៅក្នុងកិច្ចប្រជុំនោះដែរ ម្ចាស់ក្សត្រី នរោត្តម ម៉ារី ក៏បានអំពាវនាវដល់សាមជិក សមាជិកាទាំងអស់ ឲ្យរួបរួមគ្នាជាធ្លុងមួយ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងបង្កើនប្រជាប្រិយរបស់គណបក្សទៅដល់សហគមក្នុងន័យបង្កើនទំនាក់ទំនងល្អ ជាមួយប្រជារាស្ត្រខ្មែរឱ្យកាន់តែច្រើនឡើងៗ ដើម្បីទទួលបានគាំទ្រគ្រប់ទិសទី។

ជាមួយគ្នានោះដែរម្ចាស់ក្សត្រី នរោត្ត ម៉ារី ក៏បានអំពាវនាវប្រជារាស្ត្រទាំងអស់ សូមគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម ដើម្បីដឹកនាំប្រទេសជាតិឱ្យមានការរីកចំរើនឡើងទៅមុខជាលំដាប់ស្របតាមព្រះរាជពាក្យបណ្ដាំរបស់ អតីតព្រះមហាក្សត្រ សម្ដេចព្រះបរមរតនកោដ នរោត្តមសីហនុ ឲ្យអ្នកជាតិនិយម សីហនុនិយម រួបរួមគ្នាជាធ្លុងមួយដើម្បីអនាគតកូនចៅប្រជារាស្ត្រ និងប្រទេសជាតិឱ្យគង់វង្ស សំបូរសប្បាយ និងមានការរីកចំរើនខ្លាំងឡើងៗជាលំដាប់បន្តទៅទៀតនោះ។

ដោយឡែកសម្រាប់សុខភាពរបស់សម្តេចក្រុមព្រះនរោត្តម រណ ឬទ្ធិ វិញត្រូវបានម្ចាស់ក្សត្រីនរោត្តម ម៉ារី មានបន្ទូលថា ពេលនេះសុខភាពរបស់ព្រះអង្គមានអាការៈធូរស្រាលច្រើនដែលព្រះអង្គអាចនឹងយាងមកមាតុភូមិវិញក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងគណបក្សហ្វ៊ុនស៊ីប៉ិចឲ្យមានសម្លេងច្រើនឡើងវិញ ខណៈសព្វថ្ងៃព្រះអង្គកំពុងគង់ស្នាក់នៅប្រទេសបារាំងដើម្បីនោះ។

បើតាមម្ចាស់ក្សត្រីនរោត្តម ម៉ារី បានបញ្ជាក់ទៀតថា សុខភាពរបស់សម្តេចក្រុមព្រះមិនមានបញ្ហា អ្វីធ្ងន់ធ្ងរទៀតទេ ដែលព្រះអង្គអាចយាងមកកម្ពុជាវិញបាន ប៉ុន្តែដោយសារករណីមេរោគកូវិដ១៩ទើបខាងប្រទេសបារាំងមិនទាន់អនុញ្ញាតិឲ្យព្រះអង្គយាងមក ដោយតម្រូវឲ្យមេរោគមួយនេះមានសភាពស្ងប់ស្ងាត់សិននោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here