ភ្នំពេញ៖ម្ចាស់ក្សត្រីនរោត្តម ម៉ារី នៅថ្ងៃទី ១៥ សីហានេះ បានមានព្រះរាជបន្ទូលថា សុខភាពរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានអាការៈធូរស្រាលច្រើនដែលព្រះអង្គអាចនឹងយាងមកមាតុភូមិវិញក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងគណបក្សហ្វ៊ុនស៊ីប៉ិច។ព្រះរាជបន្ទូលរបស់ម្ចាស់ក្សត្រីនរោត្តម ម៉ារីបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់គណបក្សហ្វ៊ុនស៊ីប៉ិច។

នៅចំពោះមុខសហជីវិន សហជិវិនីនៃគណបក្សហ្វ៊ុនស៊ីប៉ិច ម្ចាស់ក្សត្រីនរោត្តម ម៉ារី តំណាងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានព្រះរាជបន្ទូលថា សម្តេចក្រុមព្រះ បានផ្ញើសារពីនាយសមុទ្រមកកាន់សមាជិករបស់ព្រះអង្គ និងប្រជពលរដ្ឋខ្មែរអំពីសេចក្តីនឹករលឹកប្រកបដោយកត្តញ្ញុតាចំពោះសមាជិក សមាជិកនៃបក្ស និងប្រជាពលរដ្ឋខ្មែរដែលតែងតែគាំទ្រគណបក្សហ្វ៊ុនស៊ីប៉ិច។

បើតាមម្ចាស់ក្សត្រីនរោត្តម ម៉ារី បច្ចុប្បន្នព្រះរាជសុខភាពរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានអាការៈធូរស្រាលច្រើន ហើយព្រះអង្គអាចនឹងយាងមកមាតុភូមិវិញក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងគណបក្សហ្វ៊ុនស៊ីប៉ិច។

ឯកឧត្តម សាយ ហាក់ អនុប្រធាន គណបក្សហ្វ៊ុនស៊ីប៉ិច បានថ្លែងថា តាមសុខភាពរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ គឺព្រះអង្គអាចយាយមកប្រទេសកម្ពុជាវិញបាន ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ និង ការរឹតបន្តឹងពីរដ្ឋាភិបាលប្រទេសបារាំង ធ្វើឱ្យព្រះអង្គពិបាកយាងមកកម្ពុជា។តែលោកអះអាងថា សម្តេចក្រុមព្រះនឹងយាងមកពង្រឹងបក្សក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នោះបានឆក់យកជីវិតអ្នកម្នាងអ៊ុក ផល្លា ចំណែកសម្តេចក្រុមព្រះវិញបានរងរបួសធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ បច្ចុប្បន្នសុខភាពរបស់ព្រះអង្គមានអាការៈធូរស្រាលច្រើន ហើយព្រះអង្គបានអំពាវនាវពីនាយសមុទ្រសុំឱ្យថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ីប៉ិច មានការរួបរួមសាមគ្គីគ្នា រិះរកវិធី និងមធ្យោបាយនានា ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរឱ្យអស់លទ្ធភាពតាមតែអាចធ្វើទៅបាន។ហើយព្រះអង្គស្នើឱ្យសមាជិក សមាជិកនៃបក្ស ត្រូវត្រៀមផែនការសកម្មភាព ដើម្បីពង្រឹងបក្សសម្រាប់ចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នាឆ្នាំ២០២២ និងបោះឆ្នោងសកលឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here