ភ្នំពេញ ៖ កម្លាំងជំនាញ នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ និងបញ្ជូនខ្លួនស្ត្រីម្នាក់ ជាម្ចាស់ហាងបាយយីហោ «មាតុភូមិ» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធបទ ក្លែងស្នាមមេដៃក្នុងលិខិតសាធារណៈ, បទ ប្រើប្រាស់លិខិតសាធារណៈក្លែង និងបទ សមគំនិតក្នុងអំពើក្លែង។

បើតាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ មាស ផាន្នីដា ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ហាងបាយយីហោ (មាតុភូមិ) បច្ចុប្បន្នកំពុងរស់នៅផ្ទះលេខ៥៥ ផ្លូវលេខ៧៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទ ក្លែងស្នាមមេដៃក្នុងលិខិតសាធារណៈ, បទ ប្រើប្រាស់លិខិតសាធារណៈក្លែង និងបទ សមគំនិតក្នុងអំពើក្លែង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ មាស ផាន្នីដា ត្រូវបានជនរងគ្រោះឈ្មោះ កែ ប៊ិនសូរស្មី ដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា ជនសង្ស័យបានក្លែងស្នាមមេដៃរបស់ដើមបណ្ដឹង នៅលើឯកសារផ្ទេរកម្មសិទ្ធិផ្ទះមួយកន្លែង នៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ឲ្យទៅឈ្មោះ អ៊ុក ធីតា កាលពីអំឡុងដើមឆ្នាំ២០១៨។

ករណីនេះមិនទាន់ដឹងនៅឡើយទេថា តំណាងអយ្យការធ្វើការចោទប្រកាន់ ដើម្បីបន្តនីតិវិធីបញ្ជូនទៅចៅក្រុមស៉ើបសួរ ឬយ៉ាងណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here