អន្តរជាតិ៖ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋាភិបាលចិន បានប្រើរថភ្លើងដឹកសម្ភារវេជ្ជសាស្រ្តផ្គត់ផ្គង់ ប្រឆាំងនឹងជំងឺ COVID-19 ចំនួន ៤៥កុងតឺណឺ ដោយចាកចេញពីទីក្រុងស៊ីអាន នៃខេត្តសានស៊ី (Shaanxi) ភាគពាយ័ព្យប្រទេសចិន ដើម្បីធ្វើដំណើរទៅឆ្ពោះកាន់ទីក្រុង មីឡាន (Milan) ប្រទេសអ៉ីតាលី ។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនារសៀលថ្ងៃពុធ ទី១២ ខែសីហានេះថា សម្ភារៈផ្គត់ផ្គង់ទាំងនោះរួមមាន៖ ម៉ាសចំនួន ៣៦៨,៣០០សន្លឹក និងគ្រៀងបរិក្ខាជិត ៩៥តោននៃប្រភេទក្រណាត់ចាំបាច់ សម្រាប់ផលិតម៉ាសវេជ្ជសាស្ត្រ។ ដោយសេវាកម្មរថភ្លើងដឹកទំនិញរវាងចិន-អឺរ៉ុប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាស្ថេរភាពក្នុងផ្គត់ផ្គង់ ខ្សែសង្វាក់នៃការដឹកជញ្ជូនទំនិញ ជាពិសេសក្នុងការដឹកជញ្ជូនសម្ភារវេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19។

ប្រភពដដែលបន្តថា នៅត្រឹមចុងខែកក្កដាថ្មីៗនេះ ការផ្គត់ផ្គង់សម្ភារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា បានកើនឡើងដល់ ៤.៩៧លានសម្ភារ ក្នុងនោះស្មើរ ៣៩,០០០តោន ត្រូវបានដឹកជញ្ជូនតាមផ្លូវរថភ្លើង។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 សម្ភារផ្គត់ផ្គង់ច្រើនជាង ១២,៧១៩តោនត្រូវបានដឹកជញ្ជូនចេញពីទីក្រុងស៊ីអាន តាមរយៈសេវាកម្មរថភ្លើង។ វាបានពន្លឿនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺ COVID-19៕

LEAVE A REPLY

Please enter your comment!
Please enter your name here