ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា មូលហេតុដែលឯកឧត្តម ជ្រើសយកការកសាងប្រឡាយទឹកជាអាទិភាពចម្បងនោះ ព្រោះថា តាំងពីដើមមកនៅឃុំស្នឹងគឺជាតំបន់ដែលមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ទេតាំងតែពីដើមមក ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនមានទឹកប្រើប្រាស់ និងបម្រើដល់ការងារបង្កបង្កើនផល។ កន្លងមកក្រុមការងារបានជីក ស្ដារ ប្រឡាយមួយចំនួនជាបន្តបន្ទាប់ ហើយថ្មីៗនេះទើបតែបាន និងកំពុងជីកប្រឡាយថ្មីមួយខ្សែទៀត ដើម្បីនាំទឹកពីអាងទឹកកំពីងពួយមកស្រោចស្រពលើដីស្រែក្នុងភូមិបឹងក្រសាល ដែរសង្ឃឹមថា ក្រោយពីសាងសង់រួចរាល់ នឹងអាចស្រោចស្រពលើដីស្រែ ប្រហែល ៣ពាន់ហិកតា នៅរដូវវស្សា និងប្រមាណ៥០០ហិកតា នៅរដូវប្រាំង បន្ថែមទៀត ។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារឃុំស្នឹង បានថ្លែងបែបនេះ នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្នឹង និងពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការកែសម្រួលតែងតាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្នឹង

ឯកឧត្តម ប្រធានក្រុមការងារ បានដាក់ចេញនូវទិសដៅមួយចំនួន ដើម្បីអនុវត្តបន្ត រួមមាន ៖ -សុំឲ្យគណៈកម្មាការបក្សឃុំ ពិសេសមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា ការពារ និងទប់ស្កាត់ឲ្យបាននូវ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ក្នុងសហគមន៍ ដែលបច្ចុប្បន្នជាបញ្ហាចម្បងរបស់ប្រជាពលរដ្ឋ ដែលភ័យខ្លាចមានការប៉ះពាល់ដល់កូនចៅរបស់គាត់ ។
-ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ពាក្យសម្ដីសមរម្យ ទៅកាន់ប្រជាពលរដ្ឋនៅពេលដែលគាត់មកសុំការផ្ដល់សេវាសាធារណៈ និងក្នុពេលធ្វើការប្រាស្រ័យទាក់ទងជាមួយពួកគាត់ ព្រោះវាអាចធ្វើឲ្យ ពួកគាត់មានទំនុកចិត្ត និងបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ។
-ត្រូវបន្តផ្សព្វផ្សាយអប់រំស្ដីពីការធ្វើអនាម័យ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ទៅក្នុងសហគមន៍ ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានសំណូមពរសុំឲ្យ អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់អនុវត្តតាមកម្មវិធីការងារនានាដែលបានដាក់ចេញ ខណ:ដែលក្រុមការងារថ្នាក់ណ្តាលនឹងចុះជួយគាំទ្រជាប្រចាំ។

បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំរួមមក ឯកឧត្តម គៀត ច័ន្ទថារិទ្ធ រួមជាមួយក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យ ការសាងសង់សំណង់អគារសាលាបឋមសិក្សា បុស្សសម្ព័រ និងបន្ទប់ទឹក ដែលកំពុងដំណើរការសាងសង់ ជាបណ្ដើរៗ ។ ជាមួយគ្នានេះដែរ ឯកឧត្តម និងក្រុមការងារបានបន្តដំណើរចុះត្រួតពិនិត្យការធ្វើប្រឡាយ ប្រព័ន្ធបង្ហូរ និងទ្វារទឹក សម្រាប់បង្ហូរទឹកពីអាងទឹកកំពីងពួយ មកស្រោចស្រពលើដីស្រែក្នុងភូមិបឹងក្រសាល នៅចំណុចភ្នំប៉ង់ ភូមិបឹងក្រសាល ដែលកំពុងដំណើរការការដ្ឋានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here