ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ធ្វើឡើងដោយក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាង លោក លីម សុភា អភិបាល ខណ្ឌ៧មករា ។

ឯកឧត្តម ងី តាយី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា បានលើកឡើងថា សំណួរ និងសំណូមពរមួយចំនួន ដែលពាក់ព័ន្ធនឹងល្បែងស៊ីសង ភ្លើងបំភ្លឺផ្លូវ ជណ្តើរចាស់ទ្រុធទ្រោម និងបញ្ហាសំរាមអាជ្ញាធរពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនតូចទៀត មិនទាន់បានបំភ្លឺ និងដោះស្រាយជូននៅឡើយ តែនៅដោះស្រាយជូន មិនឲ្យបងប្អូនលំបាកទេ។

ដូច្នេះក្នុងនាមលោក ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា លោកសូមធានាថា នឹងយកសំណួរ និងសំណូមពរ ដែលនៅសេសសល់ ទៅដាក់ជូនគណៈអភិបាលខណ្ឌ ដើម្បីពិនិត្យនិងដោះស្រាយ ព្រមទាំងផ្ដល់នូវព័ត៌មាន ត្រឡប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញ តាមរយៈក្រុមប្រឹក្សាភូមិ-សង្កាត់ ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ៧មករា ត្រូវបានបញ្ចប់ និងធានារាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូល ទៅក្នុងគម្រោងផែនការណ៍របស់ខណ្ឌ ដើម្បីធានាការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់បងប្អូន ឲ្យកាន់តែប្រសើរ និងមានសក្តានុពល និងបង្កើតភាពស្និទ្ធស្នាល រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។

ក្នុងនោះដែរលោកងី តាយី បានស្នើឱ្យអាជ្ញាធរសង្កាត់ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំពីការបង្កា និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ។ លើសពីនេះទៀតលោកបានណែនាំដល់អាជ្ញាធរសង្កាត់ និងប៉ុស្តិ៍នគរបាលត្រូវរក្សាសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ លុបបំបាត់ឱ្យបាននូវ ចោរលួច ចោរឆក់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ដោយអនុវត្តតាមគោលនយោបាយទាំង៩ចំណុចរបស់ភូមិ ឃុំ មានសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here