អន្តរជាតិ៖ បន្ទាប់ពីយន្តហោះមួយគ្រឿង ដែលផ្ទុកសារធាតុកូកាអ៉ីនទម្ងន់ប្រហែល ៥០០គីឡូក្រាម ដែលមានតម្លៃប្រហែល ៥៧លានដុល្លារអាមេរិក បានធ្លាក់ចូលក្នុងព្រៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរប៉ាពួញូហ្គីណេ បានប្រកាសថា មន្រ្តីជំនាញកំពុងបន្តតាមដាន រកអ្នកដែលជាប់ពាក់ព័ន្ធ នឹងការនាំចូលគ្រឿងញៀនខុសច្បាប់នេះ ។

បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០នេះថា យន្តហោះខ្នាតតូច សេសស្នា (Cessna) ដែលបានហោះចេញពីប្រទេស អូស្ត្រាលីឆ្ពោះទៅកាន់ប្រទេសប៉ាពួញូហ្គីណេ ហើយធ្លាក់ចូលក្នុងព្រៃនោះ គឺដោយសារតែវាបានផ្ទុកទម្ងន់លើសចំណុះ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ពីរថ្ងៃបន្ទាប់ អ្នកបើកហោះខាងលើនេះ ក៏បានចូលខ្លួនមកសារភាព នៅឯស្ថានកុងស៊ុលអូស្រ្តាលី ប្រចាំប្រទេសប៉ាពួញូហ្គីណេ ហើយត្រូវបានជាប់ចោទ ពីបទនាំចូលគ្រឿងញៀនខុសច្បាប់ ចូលក្នុងប្រទេសប៉ាពួញូហ្គីណេ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ប៉ូលីសអូស្ត្រាលីបានបញ្ជាក់ថា មនុស្ស ០៥នាក់ទៀត ត្រូវបានចាប់ខ្លួននៅឯរដ្ឋ ឃ្វីនស៍លែនដ៍ (Queensland) និងរដ្ឋវិចតូរៀ (Victoria) ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន នៅប្រទេសអ៉ីតាលី ហើយបុរសទាំង ០៥នាក់នោះត្រូវបានចោទប្រកាន់ ពីបទដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ក៏ដូចជាបទឧក្រិដ្ឋផ្សេងទៀតផងដែរ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជិវិត ប្រសិនបើរកឃើញថាពិតជាមានកំហុស។

ដោយឡែកចំពោះគ្រឿងញៀនខាងលើនេះ មានតម្លៃប្រហែល ៥៧លានដុល្លារអាមេរិក គឺជាការរឹបអូសដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តប៉ាពួញូហ្គីណេ។ ប៉ូលីសក៏បានបញ្ជាក់ដែរថា ពួកគេមានព័ត៌មានគ្រប់គ្រាន់ ដែលជាប់ទាក់ទងទៅនឹងក្រុមឧក្រិដ្ឋជនទាំងនេះ ហើយបានអំពាវនាវឲ្យពួកគេចូលខ្លួនជាបន្ទាន់ ព្រោះថាមន្ត្រីប៉ូលីសនឹងស្វែងរកពួកគេឲ្យទាល់តែឃើញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here