អន្តរជាតិ៖ ប្រជាជនវៀតណាម ចំនួន៧នាក់ ដែលមកពីក្រុងដាណាង ព្រោះតែប្រមូលផ្ដុំគ្នាផឹកស៊ី ខុសពីបំរាមរបស់រដ្ឋដែលតម្រូវឱ្យមានការរក្សាគម្លាត ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19នោះ នឹងប្រឈមការផាកពិន័យ ៧.៥ លានដុង (៣២១ដុល្លារ) ។ បន្ទាប់ពីពួកគេធ្វើខុសពីបំរាមរបស់រដ្ឋនោះ អាជ្ញាធរនៅសង្កាត់ Nai Hien Dong បានណែនាំឲ្យរដ្ឋបាលស្រុក Son Tra ពិន័យបុរសទាំងនោះផងដែរ ។

ហេតុការណ៍កើតឡើងនៅម៉ោង ១១យប់ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលប៉ូលីសល្បាតបានរកឃើញបុរសទាំងនោះកំពុងជួបជុំគ្នា និងផឹកស្រាបៀរនៅផ្ទះជួលមួយនៅផ្លូវ Ngo Thi Huong ។

គួរបញ្ជាក់ថា បុរសទាំង ៧នាក់ ទំនងជាគេចមិនរួចនោះទេ ដោយសារតំបន់នេះធ្លាប់ពិន័យមនុស្សជាង ២០នាក់ រួចហើយ ពីបទមិនពាក់ម៉ាស់។ ចំណែកទីក្រុងដាណាង ដែលឥឡូវនេះជាចំណុចផ្ទុះឡើងនៃជំងឺ COVID-19 ធំជាងគេ និងមានករណីចំនួន ១២០ ត្រូវបានបញ្ជាក់ បានចាប់ផ្តើមរយៈពេលនៃការរក្សាគម្លាតរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ ខែកក្កដា នេះតទៅ។

សូមជម្រាបថា បំរាមនេះមានន័យថា ពលរដ្ឋត្រូវនៅផ្ទះ និងអនុវត្តការរក្សាគម្លាត យ៉ាងហោចណាស់២ម៉ែត្រពីគ្នា។ ការជួបជុំលើសពី ២នាក់ ត្រូវបានហាមឃាត់ លើកលែងតាមកន្លែងធ្វើការ សាលា និងមន្ទីរពេទ្យ។

បច្ចុប្បន្នរហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានករណីជំងឺ COVID-19 ចំនួន ៦២១ករណី ហើយក្នុងនោះមានអ្នកជំងឺកំពុងសម្រាកព្យាបាល ២៤២នាក់ ខណៈមនុស្ស ៦នាក់បានស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here