ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចចូលទៅក្នុងអគារផាតមិនមួយកន្លែង ដើម្បីលួចគាស់យកទូរទស្សន៍បានចំនួន១១គ្រឿង ផាតមែននិង ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ។

កម្លាំងនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងជំនាញ សហការជាមួយលោកចៅសង្កាត់ទួលទំពូងទី១ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់បន្តបន្ទាប់ និងដកហូតសម្ភារមួយចំនួន នាព្រឹកថ្ងៃទី២៨ ខែ កក្ដដា ឆ្នាំ ២០២០នៅចំណុចផ្ទះសំណាក់១កន្លែង ផ្លូវ៤៧៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ផន អូន អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះក្នុងករណីគាស់ផាតមែននៅម៉ោង០០និង៣០នាទីថ្ងៃទី២៧ ខែ កក្ដដា ឆ្នាំ២០២០ បាត់ទូរទស្សន៍១១គ្រឿង នៅផាតមែនផ្លូវ១៣៥ កែង ៤៦៨ ក្រុម៥ ភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ លុះដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅម៉ោង១០ព្រឹក កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍បឹងត្របែក និងប៉ុស្តិ៍ទួលទំពូងទី១ រួមនិងលោកចៅសង្កាត់ ចុះស្រាវជ្រាវ ធ្វើរដ្ឋបាលនៅតំបន់ដីឡូតិ៍ទំនេ ផ្លូវលេខ៤៧២ សង្កាត់ទួលទំពូងទី១ និងសង្កាត់បឹងត្របែក ឈានដល់ការឃាត់បានជនសង្ស័យចំនួន២នាក់ នាំមកសាកសួររហូតតាមឃាត់ បាន៤នាក់ទៀតសរុប៦នាក់ ក្នុងនោះមានឈ្មោះ ទី១ ចាន់ នី ភេទប្រុស អាយុ ២០ ឆ្នាំ ,ទី២ឈ្មោះ ហ៊ុយ ធាវី ភេទប្រុស អាយុ ២៩ឆ្នាំ ,ទី៣ឈ្មោះ ស៊ន ពិសី ភេទប្រុស អាយុ ៣០ឆ្នាំ ,
ទី៤ឈ្មោះ គុជ ដែត ភេទប្រុស អាយុ ៣០ឆ្នាំ ,
ទី៥ឈ្មោះ ផាត ដារិទ្ឋ ភេទប្រុស អាយុ ៣៣ឆ្នាំ,
ទី៦ឈ្មោះ ឡុង ចាន់ណារ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ ។

ដោយជនសង្ស័យទាំង៦នាក់នេះ មានមុខរបរជាអ្នករើសអេតចាយ ស្នាក់នៅសង្កាត់ទួលទំពូងទី១ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ ។ ជនសង្ស័យទាំង៦នាក់នេះ ឃាត់ខ្លួននៅក្នុងដីឡូតិ៍គេទុកចោល ស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

កម្លាំងនគរបាល បានបញ្ជាក់ថា ករណីខាងលើនេះ ឃាត់៤នាក់មិនពាក់ព័ន្ធករណីគាស់ផ្ទះ តែប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូលទៅមណ្ឌលឱកាសខ្ញុំ ។ ចំណែក២នាក់ទៀតជាប់ពាក់ព័ន្ធគាស់ផាតមែនលួចសម្ភារ ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here